ក្រសួងប្រកាស ឱ្យពលរដ្ឋនៅសមុទ្រមានការប្រុងប្រយ័ត្ន ព្រោះប៉ុន្មានថ្ងៃនេះនឹងមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្រ្តាក់
ក្រសួងធនធានទឹក និង ឧតុនិយម កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី ស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ។
យោងតាមសេចក្ដីជូនដំណឹង បានឱ្យដឹងថា កម្ពុជា មានប្រព័ន្ធសម្ពាធទាបមួយបានកើតឡើង និង អូសកាត់ ហើយយោងតាមការព្យាករ សម្ពាធសកម្មមួយស្ថិតនៅក្នុងសមុទ្រចិន ខាងត្បូង នៃប្រព័ន្ធសម្ពាធទាប នឹងរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិច ស្របជួរភ្នំដងរែក ដែលដំណើរនៃសម្ពាធទាបនេះនឹងបង្កឱ្យមាន ៖
• តំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង និង តំបន់ទំនាបកណ្ដាលភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកញ្ញា
• តំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្រ្តាក់ ហើយនៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និង រលកខ្ពស់ៗ។
ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និង ឧតុនិយម ក៏បានអំពាវនាវឱ្យអាជ្ញាធរដែនដី និង ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ទាំងខ្ពង់រាប និង តំបន់មាត់សមុទ្រ ជាពិសេសអ្នកដំណើរតាមសមុទ្រទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕