(វីដេអូ) iPhone 15 ចេញភ្លាម ពលរដ្ឋនៅឌូបៃសម្រុកទៅទិញ ប្រជ្រៀតគ្នាចូលហាងដូចនៅផ្សារត្រី
កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ទូរស័ព្ទ iPhone 15 របស់ក្រុមហ៊ុន Apple បានចាប់ផ្ដើមដាក់លក់តាមបណ្ដាប្រទេសនានាពាសពេញពិភពលោក។ វត្តមាននៃទូរស័ព្ទទំនើបថ្មីមួយនេះ បានធ្វើឱ្យអ្នកគាំទ្រ និង ចូលចិត្តទូរស័ព្ទរបស់ Apple ពីគ្រប់ទិសទី កំពុងរង់ចាំយ៉ាងអន្ទះសា តម្រង់ជួរគ្នាពីមុខហាង ដើម្បីបានក្លាយជាម្ចាស់ ក៏ដូចជាបានប៉ះទូរស័ព្ទថ្មីដ៏ទំនើបមួយនេះ។
ជាក់ស្ដែង បើតាមសារព័ត៌មាន Dailymail មានហេតុការណ៍ចលាចល មនុស្សពពាក់ពពូនប្រជ្រៀតគ្នា នៅឯហាង Apple Store មួយនៅផ្សារទំនើបដ៏ល្បីមួយកន្លែងនាទីក្រុងឌូបៃ។ បើតាមវីដេអូដែលបានបង្ហោះលើបណ្ដាញសង្គម បានបង្ហាញឱ្យឃើញ មនុស្សជាច្រើន បានរុញប្រជ្រៀតគ្នា ខណៈហាងបើកទ្វារភ្លាម បង្កជាភាពចលាចលខ្លាំង រហូតសន្តិសុខទប់ទល់មិនជាប់។
ក្រោយវីដេអូនោះបានបង្ហោះ ក៏មានមនុស្សម្នាក់នៅកន្លែងកើតហេតុ បាននិយាយរៀបរាប់ថា៖ «មនុស្សតម្រង់ជួរនៅ Dubai Mall នៅព្រឹកនេះ រង់ចាំទិញ iPhone15 មើលទៅសឹងមិនគួរឱ្យជឿនោះឡើយ»។ គួរបញ្ជាក់ថា ក្រៅពីក្រុងឌូបៃ បណ្ដាទីក្រុងធំៗជាច្រើនលើពិភពលោក ដូចជា ក្រុងឡុងដុង ប៉េកាំង និង បាងកក ក៏មានមនុស្សច្រើនតម្រង់ជួរក្រៅ Apple Stores រង់ចាំទិញ iPhone15 ផងដែរ៕