ភ្ញាក់ផ្អើល! បុរសម្នាក់ជិះកង់បីអស់ ៤ ពាន់រៀល ច្រឡំបាញ់ឱ្យ ៤ ពាន់ដុល្លារ កំពុងដង្ហោយរកអ្នកបើកកង់បី
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីភ្ញាក់ផ្អើល ក្រោយបានឃើញករណីបុរសម្នាក់ភាន់ច្រឡំបាញ់ប្រាក់ឱ្យអ្នកបើកកង់បីដល់ទៅ ៤ ពាន់ដុល្លារ ខណៈលុយដែលត្រូវចំណាយគឺត្រឹមតែ ៤ ពាន់រៀលប៉ុណ្ណោះ។
ទាក់ទិនទៅនឹងរឿងនេះ បើតាមម្ចាស់គណនីផ្ទាល់ដែលមានឈ្មោះ Kong ChanEng បានបង្ហោះនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ ឱ្យបានដឹងថា ៖ «បងប្អូនជួយ share រកបងប្រុសម្នាក់នេះផង ខ្ញុំច្រឡំបាញ់លុយទៅគាត់ 4000$ ពេលជិះ Grab Tuk tuk របស់គាត់។ ២-៣ ថ្ងៃហើយ ទើបតែបានដឹង ជាក់ស្តែងគឺត្រូវឱ្យគាត់តែ 4000៛ ទេ… សង្ឃឹមថាគាត់បានឃើញនឹងជួយផ្ញើត្រលប់ឱ្យខ្ញុំវិញ ពេលនេះខ្ញុំកំពុងស្វែងរក និងទំនាក់ទំនងគាត់អត់ចូលទេ… បើស្គាល់ ឬ ឃើញគាត់សូមផ្តល់ដំណឹងដល់គាត់ ឬ ទាក់ទងមកខ្ញុំផង»។
យ៉ាងណាមិញ ករណីនេះជាមេរៀនមួយសម្រាប់ឱ្យបងប្អូនអ្នកប្រើប្រាស់ការទូទាត់ប្រាក់តាមឌីជីថល បង្កើនការប្រុងប្រយ័ត្ន និង ពិនិត្យឱ្យបានច្បាស់លាស់មុននឹងធ្វើការទូទាត់ ចៀសវាងបញ្ជូនប្រាក់ខុសតួលេខ នាំឱ្យមានបញ្ហាកើតឡើងដូចករណីខាងលើ៕