ព្រឹកនេះក៏មិនតិចដែរ! ថ្ងៃចុងក្រោយមនុស្សម្នាណែនក្ដន់ ទៅទស្សនាព្រឹត្តិការណ៍សមរាត្រីមុខអង្គរវត្ត
Equinox Angkor Wat គឺជាព្រឹត្តិការណ៍មួយ ដែលកើតឡើងពីរដងក្នុងមួយឆ្នាំ ដោយលើកទី ១ នៅក្នុងខែមីនា និង លើកទី ២ នៅខែកញ្ញា ដោយព្រឹត្តិការណ៍នេះ បានបង្ហាញឱ្យឃើញពីទំនាក់ទំនងគ្នាជាមួយនឹងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលជាហេតុជួយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករឱ្យមកទស្សនា ខណៈព្រឹត្តិការណ៍សមរាត្រី (ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត) នៅទឹកដីខេត្តសៀមរាប អាចកើតមានឡើងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកញ្ញានេះ។
ទន្ទឹមគ្នានេះ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ដែលជាថ្ងៃបង្ហើយ គេសង្កេតឃើញមានភ្ញៀវទេសចរបន្តងើបពីព្រលឹម ទៅឈរត្រៀបត្រាមុខប្រាសាទអង្គរវត្ត ដើម្បីទស្សនាព្រឹត្តិការណ៍សមរាត្រី ខណៈមិនសូវមានថ្ងៃរះ តែមានភ្ញៀវជាតិ អន្តរជាតិមកទស្សនាមហាព្រឹត្តិការណ៍យ៉ាងច្រើនកុះករ។
គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍សមរាត្រីនេះដែរគឺជាវេលាដែលថ្ងៃ និង យប់ មានរយៈពេលស្ទើរតែស្មើគ្នា ហើយក្រៅពីនេះ ខែខ្លះ ពេលថ្ងៃមានរយៈពេលវែងជាងពេលយប់ ហើយខែខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃ ទៅវិញក៏មានដែរ។ ភាពដ៏អស្ចារ្យនេះ បានកើតឡើងនៅអង្គរវត្ត គឺស្របពេលដែលជាពេលវេលាថ្ងៃ និង យប់មានរយៈពេលស្ទើស្មើគ្នា ហៅថាសមរាត្រី នោះដំណើរផែនដី និង ដំណើរព្រះអាទិត្យ ក៏បានរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្ត៕
ប្រភពរូប ៖ ទេសចរណ៍-Tourism