បង្កើតអនុស្សាវរីយ៍ជាមួយ Crush តស់! ណាត់គ្នាមើលព្រះចន្ទពេញវង់ធំបំផុតចុងឆ្នាំ ២០២៣ រះចំថ្ងៃសែនលោកខែ
ព្រះចន្ទពេញវង់ធំបំផុតចុងក្រោយគេបង្អស់ប្រចាំឆ្នាំ ២០២៣ នេះ ដែលហៅថា «Harvest Moon» នឹងបង្ហាញខ្លួនលើផ្ទៃមេឃា នៅរាត្រីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ ដែលចំនឹងថ្ងៃនៃពិធីបុណ្យសែនព្រះខែ។
ព្រះចន្ទពេញវង់ «Harvest Moon» ត្រូវបានគេហៅឈ្មោះបែបនេះ ដោយសារតែព្រះចន្ទពេញវង់នេះ កើតមានឡើងចំពេលដែលកសិករនៅអឌ្ឍគោលខាងជើង ដល់រដូវប្រមូលផលដំណាំ។ ព្រះចន្ទពេញវង់ចុងក្រោយនេះដែរ គឺមិនសូវមានពន្លឺភ្លឺខ្លាំងដូចព្រះចន្ទពេញវង់មុនៗប៉ុន្មានទេ ប៉ុន្តែវាអាចមានពន្លឺពណ៌លឿងងងឹត ឬ ពណ៌ទឹកក្រូចស្រទន់ស្អាត។
គួរបញ្ជាក់ឱ្យដឹងថា ព្រះចន្ទពេញវង់ គឺជាព្រះចន្ទដែលមានពន្លឺភ្លឺជាងព្រះចន្ទធម្មតាពី ១៤ ទៅ ៣០ ភាគរយ។ ជាមួយគ្នានេះដែរ ព្រះចន្ទនេះ គឺស្ថិតនៅកៀកនឹងភពផែនដីខ្លាំង ទើបធ្វើឱ្យវាក្លាយជាព្រះចន្ទពេញវង់ធំបំផុត ខុសពីព្រះចន្ទទូទៅធម្មតាប្រចាំឆ្នាំ៕