
បុរសម្នាក់បង្កើតបាផឹកស៊ីមានឆ្មាកំដរដំបូងគេក្នុងក្រុង កំពុងទាក់ទាញភ្ញៀវខ្លាំងមិនធម្មតា
បាមួយកន្លែងដែលមានឈ្មោះថា «The Bag of Nails» នាក្រុង Bristol ចក្រភពអង់គ្លេស ដែលបង្កើតឡើងកាលពីដើមខែធ្នូ ឆ្នាំ ២០១១ រហូតមកទល់បច្ចុប្បន្ននេះ នៅតែទទួលបានការពេញនិយមពីសំណាក់ភ្ញៀវជាច្រើន។
បើតាមសម្ដីរបស់លោក Luke Daniels ដែលជាម្ចាស់បាដ៏ពេញនិយមមួយនេះ បានឱ្យដឹងថា ពេលបើកដំបូង លោកសប្បាយចិត្តខ្លាំង ពេលដែលឃើញអ្នកក្នុងតំបន់នាំគ្នាមកចូលបារបស់លោក។ យ៉ាងណាមិញ ក្នុងចំណោមភ្ញៀវជាច្រើន មានភ្ញៀវម្នាក់ដែលចាប់ចិត្តរបស់លោកខ្លាំងជាងគេ នោះគឺ «Malcolm»។ Malcolm គឺជាឈ្មោះរបស់កូនឆ្មាតូចដ៏គួរឱ្យស្រឡាញ់មួយក្បាល ដែលបានដើរចូលមកក្នុងបារបស់លោក។
ក្រោយមកទៀត ក៏មានឆ្មាមួយក្បាលទៀតចូលមក ដោយលោកដាក់ឈ្មោះឱ្យថា «Beresford»។ ឆ្មាទាំងពីរក្បាលនេះ បានរស់នៅក្នុងបារបស់លោក រហូតបង្កើតបានកូនៗច្រើនក្បាលបន្ថែមទៀត។ ការកកកើតកូនឆ្មាឡើងថែមនេះដែរ ក៏បានធ្វើឱ្យបា Bag of Nails ក្លាយជាបាដ៏ល្បីល្បាញ រហូតជាប់ឈ្មោះថាជា «បាឆ្មា»។
ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនឆ្មាក៏កាន់តែកើនឡើងចូលរួមក្នុងគ្រួសាររបស់ Bag of Nails ដោយឆ្មាទាំងអស់នោះ គឺមានចរិតទាក់ទាញភ្ញៀវផ្សេងៗគ្នា ដែលជាហេតុធ្វើឱ្យបាមួយនេះ មានភ្ញៀវចេញចូលមិនដែលដាច់ឡើយ។ យ៉ាងណាមិញ ម្ចាស់បា បានសង្កត់បញ្ជាក់ដែរថា រូបលោកមិនអាចធានាទុកបានទេថា រាល់ភ្ញៀវដែលបានចូលបាទាំងអស់ សុទ្ធតែបានឃើញតារាៗប្រចាំបាមួយនេះ ព្រោះថាឆ្មាទាំងអស់នេះ គឺគាត់ផ្ដល់សេរីភាពឱ្យពួកគេ ពេលខ្លះពួកវាក៏ដើរចេញទៅលេងខាងក្រៅ មិននៅក្នុងបាក៏មានដែរ៕