អាងកម្លាំងពេញ ទៅហាត់ប្រាណលើកដុំដែកជាង ១០០ គីឡូ ស្រាប់តែភ្លាត់ស្នៀតត្រូវអស់បុណ្យភ្លាមៗ
សារព័ត៌មាន Sanook កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ បានចុះផ្សាយនូវព័ត៌មានដ៏រន្ធត់មួយ ដែលអាចជាមេរៀនមួយ សម្រាប់អ្នកឧស្សាហ៍ទៅហាត់ប្រាណ ដោយសារព័ត៌មានបានឱ្យដឹងថា បុរសម្នាក់អាយុ ២៥ ឆ្នាំបានភ្លាត់ស្នៀត លើកដុំដែកទម្ងន់ ១០០ គីឡូក្រាម ធ្លាក់សង្កត់បណ្ដាលឱ្យស្លាប់ត្រឹមមួយ ១ នាទី។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ មានអាយុ ២៥ ឆ្នាំ មានឈ្មោះថា Zhang មកពី Wuhan ខេត្ត Hubei ប្រទេសចិន បានទៅហាត់ប្រាណនៅមណ្ឌលហាត់ប្រាណមួយកន្លែង ប៉ុន្តែដោយចៃដន្យ លោកភ្លាត់ស្នៀតខុសបច្ចេកទេសលើកដុំដែកទម្ងន់ ១០០ គីឡូក្រាម ធ្វើឱ្យវាធ្លាក់មកសង្កត់ចំ-ក បណ្ដាលឱ្យស្លាប់ត្រឹមតែ ១ នាទីដំបូង បើទោះបីជាពេលនោះគ្រូ និង អ្នកហាត់ប្រាណដទៃទៀតខំរត់មកជួយលើកចេញ ព្រមទាំងបញ្ជូនទៅពេទ្យក៏ដោយ។
យ៉ាងណាមិញ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៣ រសៀលកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ដោយពេលនោះលោក Zhang បានទៅហាត់ប្រាណនៅមជ្ឈមណ្ឌលហាត់ប្រាណ សាខា Zhongnan ខណៈដែលក្នុងពេលនោះមានអ្នកហាត់ដទៃទៀតត្រឹមតែ ១០ នាក់ប៉ុណ្ណោះ ហើយពេលកើតហេតុលោក Zhang បានដើរសំដៅទៅរកដុំដែក ដើម្បីលើក barbell ដែលមានទម្ងន់សរុបលើសពី ១០០ គីឡូក្រាម ប៉ុន្តែពេល ដែលលោកទម្លាក់ ដៃចុះក្រោម ក្នុងបំណងលើកវាឡើងម្ដងទៀត ស្រាប់តែដៃរបស់លោកចាប់ផ្ដើមញ័រដូចជាគ្មានកម្លាំង ទើបធ្វើឱ្យដុំដែកនោះធ្លាក់មកសង្កត់លើលោកស្លាប់។
ជាមួយគ្នានេះដែរ បុរសម្នាក់មានឈ្មោះ Zhao ដែលជាអ្នកហាត់ប្រាណនៅទីនោះដែរ បានឱ្យដឹងថា ក្នុងអំឡុងពេលនោះមានគ្រូបង្វឹក ៣-៤ នាក់កំពុងមើលថែផ្តល់យោបល់ដល់សមាជិក ដែលមកហាត់ប្រាណ តែដោយសារលោក Zhang ជាមនុស្សដែលមកហាត់ប្រាណជាប្រចាំ ដូច្នេះហើយគ្រូបង្វឹកមិនបានតាមដានលោកគ្រប់ពេលទេ រហូតដល់មានសោកនាដកម្មបែបនេះកើតឡើង ហើយលោកបញ្ជាក់ទៀតថា ក្លឹបហាត់ប្រាណមិនចង់ឱ្យមានរឿងនេះកើតឡើងទេ ព្រមទាំងយល់ព្រមផ្តល់សំណងពេញលេញដល់គ្រួសារសពផងដែរ៕
ប្រភព ៖ Sanook