ករណីកម្រ! ក្មេងប្រុសម្នាក់អាយុ ១៤ ឆ្នាំ ត្រូវពិការទាំងដៃ និង ជើង ដោយសារតែកើតជំងឺផ្តាសាយ
ករណីកម្រមួយពាក់ព័ន្ធនឹងជំងឺផ្ដាសាយ ដោយថ្មីៗនេះត្រូវបានមហាជនអ្នកនិយមលេងបណ្ដាញអ៊ីនធឺណេតជាច្រើនហាក់ផ្ទុះការចាប់អារម្មណ៍ ព្រោះតែព័ត៌មានជាច្រើនបានចុះផ្សាយថា មានក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ មានជំងឺផ្តាសាយ ហើយបានពិការទាំងដៃ និង ជើង។
សារព័ត៌មាន Sanook នាពេលថ្មីៗនេះបានចុះផ្សាយពីករណីដ៏កម្រមួយនៃជំងឺផ្ដាសាយ ដោយបានលើកឡើងពីក្មេងប្រុសម្នាក់ជាអ្នកលេងព្យាណូ មានអាយុ ១៤ ឆ្នាំ ត្រូវបានពិការដៃជើងដោយសារតែជំងឺផ្ដាសាយ ដែលគ្រប់គ្នាគិតថាជាជំងឺធម្មតា ហើយរឿងនេះដែរបានកើតឡើងនៅសហរដ្ឋអាមេរិក។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសនោះមានអាយុ ១៤ ឆ្នាំ ដោយពេលគេចាប់ផ្ដើមឈឺ គេបានបញ្ចេញរោគសញ្ញាធម្មតា ប៉ុន្តែយូរទៅក៏វិវត្តទៅដល់គាំងបេះដូង ហើយដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យតម្រូវឱ្យមានការកាត់ចោលនូវអវយវៈមួយចំនួនដូចជា ដៃ និង ជើង ជាដើម។
ក្រោយពីបានសម្រេចចិត្តជួយកូនឱ្យមានជីវិតបន្តទៀតហើយ ឪពុកម្ដាយរបស់ក្មេងប្រុសនោះ ហាក់មានការស្ដាយជាខ្លាំង ព្រោះកូនរបស់អ្នកទាំងពីរនឹងមិនអាចលេងព្យាណូបានទៀតទេ ប៉ុន្តែខាងមន្ទីរពេទ្យបានឱ្យដឹងថា ស្ថានភាពកូនរបស់អ្នកទាំងពីរមានសភាពល្អប្រសើរជាងមុនហើយ ថែមទាំងបានបញ្ជាក់ឱ្យដឹងទៀតថា អ្នកជំងឺត្រូវបានវិនិច្ឆ័យឃើញមានជំងឺរលាកសួត មានរោគសញ្ញានៃការពុល streptococcus និង មានរោគសញ្ញានៃការគាំងបេះដូង ហើយឈាមមិនអាចហូរទៅអវយវៈបានទេ ដូច្នេះទើបត្រូវកាត់ចេញ ដើម្បីសង្គ្រោះជីវិត។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Katie Boyle ដែលជាគ្រូពេទ្យព្យាបាលក្មេងប្រុសនោះបាននិយាយដែរ នាងមិនដែលឃើញអ្នកជំងឺណាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបែបនេះទេ ប៉ុន្តែស្របពេលនោះដែរនាងក៏បានបញ្ជាក់ទៀតថា ប្រសិនបើក្មេងប្រុសនោះធ្លាប់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយពីមុនមក ស្ថានភាពគេប្រាកដជាមិនធ្ងន់ធ្ងរបែបនេះទេ៕
ប្រភព ៖ Sanook