សោកស្ដាយ! ផ្សោតទម្ងន់ ១០៥ គីឡូមួយក្បាលបានងា.ប់ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រកាសជូនដំណឹងសោកស្ដាយមួយថា កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅវេលាម៉ោង ១៤ និង ៣០ នាទីរសៀល មានសត្វផ្សោតមួយក្បាល បានស្លាប់ក្នុងភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
យ៉ាងណាមិញ បន្ទាប់ពីបានទទួលព័ត៌មានហើយ ក្រុមការងារនៃរដ្ឋបាលជលផល និង អង្គការ WWF បានចុះពិនិត្យសាកសព និង បានរកឃើញថា សត្វផ្សោត ដែលស្លាប់នេះជា ផ្សោតញី មានលេខសម្គាល់ ០៨៧ មានទម្ងន់ ១០៥ គីឡូក្រាម និង មានប្រវែង ២.១០ ម៉ែត្រ អាយុប្រមាណជា ២៧ ឆ្នាំ (សត្វផ្សោតរស់បានពី ២៥-៣០ ឆ្នាំ)។
ជាមួយគ្នានេះដែរ ក្រសួងបានបញ្ជាក់ឱ្យដឹងទៀតថា នៅពេលរកឃើញសពសត្វផ្សោត វាមានសភាពហើម មានក្លិនស្អុយ ធ្លាយពោះ និង រលេះរលួយស្បែក។ ចំពោះមូលហេតុនៃការស្លាប់ តាមរយៈការធ្វើកោសល្យវិច្ច័យ គឺបណ្តាលមកពីវ័យចាស់ជរា។
គួរឱ្យដឹងដែរថា នៅក្នុងរយៈពេល ៩ ខែក្នុងឆ្នាំ ២០២៣ នេះ នៅកម្ពុជា មានសត្វផ្សោតកើតថ្មីចំនួន ៧ ក្បាល និង ស្លាប់ចំនួន ៤ ក្បាល ដោយក្នុងចំណោមផ្សោត ដែលស្លាប់នោះ មានផ្សោតចាស់ ១ ក្បាល ផ្សោតជំទង់ ១ ក្បាល និង កូនផ្សោតចំនួន ២ ក្បាល៕
រូបភាព ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ