ក្រសួងប្រកាស! រដូវវស្សាឆ្នាំនេះនឹងបញ្ចប់ទៅលឿនជាងឆ្នាំមុន គឺនៅខែតុលាខាងមុខនេះ
ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ បានចេញសេចក្តីជូនដំណឹង ស្ដីពីការព្យាករអាកាសធាតុលើកទី ៣ សម្រាប់ឆ្នាំ ២០២៣ ឱ្យបានដឹងថា យោងតាមការតាមដាននូវការវិវត្តនៃអាកាសធាតុជាសកល តំបន់ ក៏ដូចជានៅក្នុងផ្ទៃប្រទេសកម្ពុជា និង ជួបនូវបាតុភូតដូចតទៅ ៖
១. បាតុភូតសកល
បន្តនៅក្នុងរដូវវស្សាឆ្នាំ ២០២៣ នេះ បាតុភូតអែលនីណូ (El Nino) បានបង្កើនឥទ្ធិពលជាសកល។ តាមការព្យាករ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ ២០២៣ អត្រាមធ្យមភាគអែលនីណូ នឹងកើនឡើងដល់ ១០០ ភាគរយ។
២. រដូវវស្សា
ក. បន្តនៅក្នុងខែកញ្ញា ៖ ស្ថានភាពភ្លៀងជាទូទៅធ្លាក់មិនសូវបានរាយប៉ាយ ផ្ទៃដីរងទឹកភ្លៀង ប្រមាណ ៤០ ទៅ ៦០ ភាគរយ ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ប្រែប្រួលពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានភ្លៀង ធ្លាក់ច្រើននៅផ្នែកខ្លះនៅក្នុងភូមិសាស្ត្រ តំបន់ជួរភ្នំ ខ្ពង់រាប និងនៅតំបន់មាត់សមុទ្រ។
ខ. នៅក្នុងខែតុលា និងខែវិច្ឆិកា ៖ ទាំងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ និងកម្រិតទឹកភ្លៀងបន្តធ្លាក់ថមថយ មកនៅក្នុងកម្រិតប្រែប្រួលពីខ្សោយទៅមធ្យមលាយឡំទៅដោយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ជាមួយនឹង ផ្ទៃដីរងទឹកភ្លៀងប្រមាណពី ៣០ ទៅ ៤០ ភាគរយ។
គ.បញ្ចប់រដូវវស្សា ៖ រដូវវស្សាឆ្នាំ ២០២៣ នឹងបញ្ចប់ទៅលឿនជាងឆ្នាំ ២០២២៖
– តំបន់ខ្ពង់រាប ៖ បញ្ចប់នៅក្នុងសប្ដាហ៍ទី ៣ នៃខែតុលា។
– តំបន់វាលទំនាប និង តំបន់មាត់សមុទ្រ ៖ បញ្ចប់នៅក្នុងសប្តាហ៍ទី ៤ នៃខែតុលា៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖