ផ្អើលពិភពលោក! ប្រទេសម៉ិកស៊ិក បើកបង្ហាញសាកស-ពអេលៀនចំនួន ២ ជាសាធារណៈ
សភាប្រទេសម៉ិកស៊ិក កំពុងបង្កការភ្ញាក់ផ្អើលពាសពេញពិភពលោក នៅពេលពួកគេបានបើកសវនាការ នៅមុខអ្នកកាសែតជាច្រើន បង្ហាញជាសាធារណៈនៅសាកសពរបស់អេលៀនចំនួន ២។
កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ សាកសពសត្វចម្លែកចំនួន ២ ដែលគេជឿជាក់ថាជា «អេលៀន» នោះ ត្រូវបានដាក់តាំងបង្ហាញពីមុខសភាប្រទេសម៉ិកស៊ិក ដែលបណ្ដាលឱ្យប្រទេសនេះ ក្លាយជាប្រទេសដំបូង បើកបង្ហាញច្បាស់ៗពីវត្តមានភាវៈក្រៅភព ពិតជាមានលើភពផែនដីនេះមែន។
បើតាមលោក Jaime Maussan ជាអ្នកកាសែត និង អ្នកស្រាវជ្រាវសញ្ជាតិម៉ិកស៊ិក បាននិយាយថា លោកបានប្រទះឃើញសាកសពនៃភាវៈចម្លែកនេះ នៅប្រទេសប៉េរ៉ូ កាលពីឆ្នាំ ២០១៧។ សពចំនួន ២ នេះដែរ មានអាយុកាលប្រមាណ ១ ពាន់ឆ្នាំ មានមុខមាត់ស្រដៀងនឹងមនុស្ស ប៉ុន្តែរូបរាងគឺតូចខ្លាំង។
ដោយឡែក ខាង National Autonomous University of Mexico (UNAM) ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ដោយបញ្ជាក់ថា ពួកគេគ្រាន់តែកំណត់បាននៅពេលវេលានៃសំណាកសពប៉ុណ្ណោះ ហើយចំពោះប្រភពដើមរបស់វា ពួកគេនៅមិនទាន់សន្និដ្ឋានជាផ្លូវការនៅឡើយទេ។
គួរឱ្យដឹងផងដែរថា សាកសពភាវៈចម្លែកទាំង ២ នេះ ត្រូវបានអ្នកវិទ្យាសាស្ត្រ យកទៅថត x-ray ដោយលទ្ធផល និង ទិន្នន័យ DNA បានបង្ហាញឱ្យឃើញថា សាកសពនេះ គឺពិតជាមិនមែនសាកសពរបស់មនុស្សនោះឡើយ៕