នៅតូចៗសោះ! សិស្សស្រីថ្នាក់ទី ៧ មួយក្រុម ព្រួតគ្នាវាយធ្វើបាបក្មេងស្រីម្នាក់ ហើយគំរាមថតវីដេអូបង្ហោះឱ្យខ្មាសគេទៀត
នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ហាក់បង្ហាញការមិនពេញចិត្ត និង ខឹងសម្បារជាខ្លាំង ក្រោយពីបានឃើញវីដេអូបង្ហោះមួយបង្ហាញពីសកម្មភាពសិស្សស្រីមួយក្រុមព្រួតគ្នាវាយធ្វើបាប ក្មេងស្រីម្នាក់ទៀត ព្រមទាំងបានគំរាមថតវីដេអូបង្ហោះឱ្យក្មេងស្រីរងគ្រោះខ្មាសគេ។
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Houy Chenn ដែលជាបងស្រីរបស់ក្មេងស្រីរងគ្រោះ បានបង្ហោះឱ្យដឹងក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា មានក្មេងទំនើងប្រមាណជា ៧ ទៅ ៨ នាក់រៀនថ្នាក់ទី ៧ នៅវិទ្យាល័យបាក់ទូក បានថតវីដេអូវាយធ្វើបាបព្រួតវាយប្អូនស្រីរបស់នាង ព្រមទាំងបានគំរាមថា ឱ្យតែពេលចូលរៀនវិញឃើញក្មេងស្រីរងគ្រោះ ពួកគេនឹងព្រួតគ្នាវាយនាងម្ដងទៀត។
ទន្ទឹមនឹងការបង្ហោះវីដេអូ ដែលបង្កជាការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមនេះដែរ ម្ចាស់គណនី ដែលត្រូវជាបងស្រីរបស់ជនរងគ្រោះបានបញ្ជាក់ឱ្យដឹងទៀតថា រឿងហេតុនេះបានកើតឡើងមួយខែមកហើយ ប៉ុន្តែប្អូននាងខ្លាចមិនហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ម្ដាយឆែកទូរស័ព្ទមើលបានឃើញ វីដេអូគេវាយធ្វើបាបនោះត្រូវបានរក្សាទុកក្នុងទូរស័ព្ទ និង សុខចិត្តមុនចូលសាលារយៈពេល ១ ខែរហូតគ្រូទាក់ទងមកអាណាព្យាបាល ទើបក្រុមគ្រួសារដឹងរឿង។
មិនតែប៉ុណ្ណោះ គណនីដដែលបានឱ្យដឹងទៀតថា ៖ «ក្នុងវីដេអូហ្នឹងពួកក្មេងទំនើងប៉ុន្មាននាក់ហ្នឹង បានបបួលប្អូនខ្ញុំឱ្យឡើងទៅអគារស្ងាត់ ដើម្បីព្រួតគ្នាវាយ ឥឡូវគ្នាមានសម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ត អត់ហ៊ានចូលរៀន» ហើយក្នុងនាមជាបងស្រីជនរងគ្រោះ ម្ចាស់គណនីក៏បានអំពាវនាវឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជួយដោះស្រាយ និង ចាត់វិធានការតាមច្បាប់ចំពោះបញ្ហានេះផង៕