Ronaldo បើកសណ្ឋាគារផ្កាយ ៤ ឱ្យជនរងគ្រោះព្រោះគ្រោះរញ្ជួយដីស្នាក់នៅ ដោយឥតគិតថ្លៃ
កាលពីយប់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយឱ្យដឹងថា មនុស្សជាង ២០០០ នាក់បានស្លាប់ និង មនុស្សរាប់ពាន់នាក់ទៀតបានរងរបួស ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានវាយប្រហារតំបន់អាហ្រ្វិកខាងជើង គឺប្រទេសម៉ារ៉ុក។
ជាមួយគ្នានេះដែរ នៅរដ្ឋធានីដូហា នៃប្រទេសកាតា កីឡាករ Cristiano Ronaldo ប្រចាំក្លឹប Al Nassr បានប្រកាសផ្ដល់សណ្ឋាគារល្បីរបស់លោកឈ្មោះ Marrakech ដែលស្ថិតក្នុងប្រទេសម៉ារ៉ុក ឱ្យជនរងគ្រោះទាំងអស់បានស្នាក់នៅជាបណ្ដោះអាសន្ន ដោយសារប្រទេសនេះបានជួបគ្រោះរញ្ជួយដីកម្រិត ៦.៨ រិចទ័រ បង្កការខូចខាតជាខ្លាំង។
យ៉ាងណាមិញ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ សហព័ន្ធបាល់ទាត់អាហ្រ្វិក (CAF) បានយល់ព្រមពន្យារពេលការប្រកួត Total Energies Africa Cup of Nations Côte d’Ivoire 2023 Qualifier រវាងម៉ារ៉ុក និង លីបេរីយ៉ា ក្រោយពីគ្រោះរញ្ជួយដី ហើយស្របពេលនោះដែរ សារព័ត៌មាន MARCA បានចុះផ្សាយសម្ដីដកស្រង់របស់កីឡាករ Cristiano Ronaldo ថា សណ្ឋាគារប្រណីត Pestana CR7 Marrakech កំពុងតែប្រកាសផ្តល់ជម្រកស្នាក់នៅដល់អ្នក ដែលបាត់បង់ផ្ទះសម្បែងក្នុងហេតុការណ៍រញ្ជួយដីក្នុងប្រទេសម៉ារ៉ុក ដោយឥតគិតថ្លៃ។
ទន្ទឹមនឹងនោះ កីឡាករ Cristiano Ronaldo ផ្ទាល់ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារ និង មិត្តភក្តិ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ក្នុងគ្រោះរញ្ជួយដីនេះដែរ ដោយលោកបានសរសេរនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Instagram របស់លោកថា ៖ «ផ្ញើសេចក្តីស្រឡាញ់ និង ការអធិស្ឋានទៅកាន់ប្រជាជនទាំងអស់នៅក្នុងប្រទេសម៉ារ៉ុក ក្នុងគ្រាដ៏លំបាកនេះ»។
គួរបញ្ជាក់ដែរថា ការរញ្ជួយដីដ៏ខ្លាំងក្លានេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ ០១២ នាក់ និង បានធ្វើឱ្យមនុស្សជាង ២ ០៥៩ នាក់ទៀតរងរបួស ព្រមទាំងបានធ្វើឱ្យអ្នកស្រុក និង អ្នកទេសចរ ដែលភ័យស្លន់ស្លោក្នុងប្រទេសនោះរត់ទៅរកអគារណា ដែលអាចជ្រកកោនបណ្ដោះអាសន្នបាន៕
ប្រភព ៖ Memo Middle East Monitor