ប្រុងប្រយ័ត្ន! ម្ដុំចំណោតលោកយាយម៉ៅផ្លូវទៅកំពង់សោម ត្រូវបាក់ស្រុតដោយសារជំនន់ទឹកភ្លៀងហូរច្រោះ
ក្រសួងសាធារណការ និង ដឹកជញ្ចូន នៅរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានបង្ហោះជូនដំណឹងឱ្យបានដឹងថា ចំណោតលោកយាយម៉ៅដែលបាក់ស្រុតដោយសារជំនន់ទឹកភ្លៀងហូរច្រោះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចគ.ម ២២៤+០០៨ ក្នុងខេត្តព្រះសីហនុ បច្ចុប្បន្ននេះត្រូវបានក្រុមការងារជំនាញចុះដោះស្រាយ ទប់ស្កាត់ ចៀសវាងការបន្តស្រុត ដើម្បីធានាឱ្យការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ អាចប្រព្រឹត្តទៅបានដោយរលូន និង មានសុវត្ថិភាព។
សកម្មភាពចុះអន្តរាគមន៍ដោះស្រាយនេះ ត្រូវបានធ្វើឡើង នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ដោយមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តព្រះសីហនុ។ អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និង បង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕