គ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ វាយប្រហារប្រទេសម៉ារ៉ុក ស្លា-.ប់មនុស្សជាង ២ ពាន់នាក់
កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ខាង USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារប្រទេសម៉ារ៉ុកទាំងយប់ ដោយចំណុចកណ្ដាលស្ថិតក្នុងជម្រៅ ១៨.៥ គីឡូម៉ែត្រ នាតំបន់ភ្នំ ចម្ងាយ ៧២ គីឡូម៉ែត្រ ភាគនិរតីក្រុង Marrakesh។
គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនេះដែរ ក៏បានបង្កឱ្យមានការរញ្ជួយដល់បណ្ដាក្រុងតាមឈូងសមុទ្រមួយចំនួនទៀតរួមមាន ក្រុង Rabat, Casablanca និង Essaouira ដែលបង្កឱ្យមានការខូចខាតសំណង់អគារ ផ្ទះសម្បែងជាច្រើន និង ឆក់យកជីវិតជីវិតមនុស្សអស់រាប់ពាន់នាក់គួរឱ្យស្រណោះបំផុត។
ជាក់ស្ដែង បើតាមការបញ្ជាក់ពីខាងក្រសួងមហាផ្ទៃរបស់ប្រទេសម៉ារ៉ុក បានលើកឡើងថា កាលពីរាត្រីថ្ងៃទី ០៨ ខែកញ្ញា នោះ គ្រោះរញ្ជួយដី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ ០១២ នាក់ ដោយជនរងគ្រោះភាគច្រើនជាអ្នករស់នៅខេត្ត Al-Haouz និង Taroudant ដែលជាចំណុចកណ្ដាលនៃគ្រោះរញ្ជួយដី។ ជាមួយគ្នានោះដែរ មនុស្សប្រមាណជាង ២ ពាន់នាក់ទៀតបានរងរបួស ដោយក្នុងនោះចំនួន ១ ៤០៤ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕