ត្រូវប៉ាន់ហើយ! នៅប៉ែលិន អ្នកមានចម្ការផ្លែឈើធម្មជាតិលក្ខណៈគ្រួសារ ចង់លក់អាចទាក់ទងតាមនេះ
តាមរយៈផេកអភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ បានបង្ហោះសារជម្រាបជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិនឱ្យបានជ្រាបថា ប្រសិនបើបងប្អូនមានចំការផ្លែឈើធម្មជាតិលក្ខណៈគ្រួសារ អាចទំនាក់ទំនងទៅកាន់ក្រុមការងារទីផ្សារកសិផលនៃរដ្ឋបាលខេត្ត ដោយខាងរដ្ឋបាលខេត្តទទួលទិញយក និង រកទីផ្សារលក់ចេញជូន។ សម្រាប់លេខទំនាក់ទំនងលក់ គឺ 097 579 7878 និង 097 270 2888។
គួរឱ្យដឹងផងដែរថា នៅល្ងាចថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ ម្សិលមិញនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលផលដំណាំហូបផ្លែ (ត្របែក) និង លើកទឹកចិត្តប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងបន្តចុះជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករ ដែលកំពុងលក់ដូរសម្លៀកបំពាក់ នំចំណី… នៅសួនសាធារណៈ និង បានណែនាំឱ្យអាជីវករទាំងអស់ រួមគ្នាថែរក្សាអនាម័យ និង បរិស្ថានឱ្យបានខ្ជាប់ខ្ជួន ដើម្បីសោភ័ណភាពទីក្រុងស្រស់បំព្រង គ្មានសំរាម៕