ហុងកុង ជួបជំនន់ទឹកភ្លៀងខ្លាំងបំផុត មិនធ្លាប់មានរយៈពេល ១៣៩ ឆ្នាំ បាក់ដី បាក់ផ្លូវ លិចក្រុង គួរឱ្យស្រណោះ
អាជ្ញាធរក្រុងហុងកុង បានចេញប្រកាសផ្អាកការសិក្សាតាមសាលាជាបណ្ដោះអាសន្ន និង ជំរុញឱ្យសាធារណជនទាំងអស់ ស្វែងរកកន្លែងជ្រកកោនមានសុវត្ថិភាព ខណៈព្យុះភ្លៀងកំពុងវាយប្រហារក្រុង បង្កជាទឹកជំនន់ធ្ងន់ធ្ងរ។
តាមព័ត៌មានបានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានកើតមានឡើងនៅយប់ថ្ងៃទី ០៧ ខែកញ្ញា កន្លងទៅ ដោយខាងភ្នាក់ងារអង្កេតការហុងកុង បានកត់ត្រាបរិមាណទឹកភ្លៀងជាង ១៥៨ មីលីម៉ែត្រ នៅចន្លោះម៉ោង ១១ យប់ និង ពាក់កណ្ដាលអធ្រាត្រ ដែលចំនួននេះ គឺច្រើនខ្លាំងមិនធ្លាប់មានតាំងពីឆ្នាំ ១៨៨៤ មក។
ដោយឡែក បើតាមទិន្នន័យអាកាសធាតុពីវិបសាយ OGimet បានឱ្យដឹងដែរថា តំបន់ខ្លះនៃក្រុងហុងកុង គឺមានបរិមាណទឹកភ្លៀងរហូតដល់ជិត ៥០០ មីលីម៉ែត្រឯណោះ ក្នុងពេលត្រឹម ២៤ ម៉ោង ដែលចំនួននេះ ធ្វើឱ្យពលរដ្ឋក្នុងក្រុងមានការភ្ញាក់ផ្អើលជាខ្លាំង។
ជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លានេះដែរ បានបណ្ដាលឱ្យទីក្រុងត្រូវលិចលង់ បង្កឱ្យបានបំណាក់ដី ដាច់ផ្លូវថ្នល់ លិចផ្សារ លិចផ្ទះ ដែលមើលទៅគួរឱ្យខ្លាចខ្លាំង៕