អុញ! ប៉ាគីស្ថានគំរាមថាខ្លួននឹងប្តូរឈ្មោះប្រទេសទៅជាឥណ្ឌាវិញ បើឥណ្ឌាប្តូរឈ្មោះទៅជាភារតៈ
ថ្មីៗនេះ ឥណ្ឌាបានធ្វើពិភពលោកឱ្យមានការភ្ញាក់ផ្អើល ព្រោះបានប្តូរជាឈ្មោះជាផ្លូវការរបស់ខ្លួននៅក្នុងអង្កការសប្រជាជាតិទៅជាភារតៈ (Bharat) ហើយមិនយូរប៉ុន្មានស្រាប់តែប៉ាគីស្ថាន បានចេញមុខថាខ្លួននឹងប្តូរឈ្មោះទៅជាឥណ្ឌាវិញ។
ក្នុងនោះ ក្រុមអ្នកជាតិនិយមក្នុងប្រទេសប៉ាគីស្ថាន បានបានអះអាងថា ខ្លួនមានសិទ្ធិប្រើប្រាស់ឈ្មោះជាឥណ្ឌា ព្រោះប៉ាគីស្ថានធ្លាប់ជាចំណែកមួយរបស់ឥណ្ឌា ដែលទើបតែបែងចែកគ្នានៅក្រោយអាណានិគមអង់គ្លេសប៉ុណ្ណោះ។ ម្យ៉ាង ឥណ្ឌាមានន័យថា ដែនដីនៃជ្រលងទន្លេ Indus ដូច្នេះហើយប៉ាគីស្ថានក៏មានសិទ្ធិប្រើឈ្មោះនេះដូចគ្នា ព្រោះទន្លេ Indus ក៏ហូរកាត់ប៉ាគីស្ថានដែរ។
យ៉ាងណាមិញ ព័ត៌មាននេះមិនមានបុគ្គលសំខាន់ណាមួយក្នុងប៉ាគីស្ថានចេញមកបញ្ជាក់ឡើយ ឯរឿងឥណ្ឌាប្តូរឈ្មោះនោះ ក៏នៅមិនទាន់មានអ្នកចេញមុខមកបញ្ជាក់ដូចគ្នាដែរ។ គួរឱ្យដឹងដែរថា ឥណ្ឌា និង ប៉ាគីស្ថាន មិនសូវមានទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរមកហើយ ដោយតែងតែប្រកួតប្រជែងគ្នាក្នុងរឿងនយោបាយ ជាពិសេសគឺរដ្ឋាបាលតែងតែប្រើជម្លោះជាឧបករណ៍សម្រាប់បង្កើតប្រជាប្រិយភាពសម្រាប់ខ្លួនជានិច្ច៕