ទៅលេងផ្ទះមិត្តស្រីលើកដំបូង និយាយតែប៉ុន្មានម៉ាត់ ម្តាយគេទន់ចិត្តព្រមឱ្យធ្វើកូនប្រសាបាត់
រឿងរ៉ាវរបស់កំលោះជនជាតិវៀតណាមម្នាក់ ដែលទៅលេងផ្ទះសង្សារលើកដំបូងសោះ ទៅដល់ភ្លាមនិយាយពាក្យតែប៉ុន្មានម៉ាត់ ធ្វើឱ្យម្តាយខាងស្រីពេញចិត្តស្តូក ព្រមទទួលធ្វើកូនប្រសាភ្លាមៗ កំពុងតែធ្វើឱ្យមហាជនចាប់អារម្មណ៍។
តាមព័ត៌មានបានឱ្យដឹងថា ពេលទៅដល់ផ្ទះសង្សារភ្លាម បុរសខាងលើក៏ចូលទៅនិយាយយ៉ាងទន់ភ្លន់ស្និទ្ធស្នាលជាមួយនឹងឪពុកម្តាយនាង ដូចជាស្គាល់គ្នាតាំងពីកាលណាមក។ គេក៏បាននិយាយយ៉ាងសុភាពថា ៖ «ថ្ងៃនេះខ្ញុំសុំអនុញ្ញាតចាប់ផ្តើមថ្ងៃថ្មី ដោយការជូនពរឱ្យលោកអ៊ំទាំងពីរមានសុខភាពល្អណាបាទ សម្រាប់ខ្ញុំក៏មានដំណឹងល្អដូចគ្នា ឆ្នាំថ្មីនេះខ្ញុំនឹងសុំមិនហៅលោកអ៊ំថាអ៊ំទៀតទេ ខ្ញុំសុំហៅថាអ្នកម្តាយ និង លោកប៉ាវិញ»។
ដោយសារតែការចេះនិយាយស្តីពីរោះពិសា ត្រង់ទៅត្រង់មកបែបនេះ ក៏បានធ្វើឱ្យគ្រួសារ និង ឪពុកម្តាយខាងស្រីពិតជាពេញចិត្តខ្លាំងណាស់ ព្រមទាំងទទួលគេជាកូនប្រសាភ្លាមៗតែម្តង។ មិនយូរប៉ុន្មាន ខាងប្រុសក៏បានលើកជំនូនមកចូលស្តីខាងស្រី រួចក៏បានរៀបការជាមួយគ្នា ពោលគឺអ្វីបានកើតឡើងយ៉ាងរហ័ស ប៉ុន្តែពេញទៅដោយក្តីសុខ ការពេញចិត្តពីសំណាក់គ្រួសារទាំងសងខាង។ យ៉ាងណាមិញ មហាជនក៏ពេញចិត្តគូនេះមិនតិចដែរ ជាពិសេសពេញចិត្តកូនកំលោះ ដែលក្លាហាន ចេះទំនាក់ទំនងបានយ៉ាងល្អបែបនេះ៕