ព្រោះចង់មានចំណេះ! កូនសិស្សច្រើននាក់ត្រូវតស៊ូដើរកាត់ព្រៃស្ងាត់ ឆ្លងទឹកឆ្លងភក់ ដើម្បីបានទៅដល់សាលារៀន
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម កំពុងសម្ដែងក្ដីភ្ញាក់ផ្អើល និង អាណិតអាសូរទៅដល់ក្រុមសិស្សានុសិស្សក្មេងៗមួយក្រុម ដែលកំពុងជួបបញ្ហាលំបាកក្នុងការធ្វើដំណើរទៅកាន់សាលារៀន កំពុងដង្ហើយរកជំនួយក្នុងបណ្ដាញសង្គម ក្រែងបានងាយស្រួលទៅក្រេបចំណេះវិជ្ជានៅសាលារៀនជាងមុន។
ទាក់ទិនទៅនឹងរឿងនេះផងដែរ តាមរយៈគណនីមួយដែលមានឈ្មោះ ឆេង លាងហ៊ បានបង្ហោះនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ ឱ្យដឹងថា ៖ «ខ្ញុំបាទ ឆេង លាងហ៊ ជាយុវជនឃុំរលួសមានជ័យ ត្រូវជាក្រុមប្រឹក្សាឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ សូមគោរពជូនសម្ដេចឯកឧត្ដម លោកជំទាវ លោកឧកញ៉ា និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត លោកអ៊ំ ពូមីង បងប្អូន និង សប្បុរសជន ទាំងអស់ជាទីគោរពរាប់អាន ក្នុងនាមខ្ញុំបាទតំណាងឱ្យសិស្សក្រីក្រ នៅសាលាបឋមសិក្សាភូមិ ( ទោង ប៉ាថា) ឧបសម្ព័ន្ធ (ស្រែត្នោត) ឧបសម្ព័ន្ធ (ស្រែពល្លី) ចំនួន ២១ នាក់ ស្រី ១១ នាក់ ខ្ញុំបាទសូម អំពាវនាវ ដល់សប្បុរសជនជួយឧបត្ថម្ភកង់ និង សម្ភារសិក្សាជូនពួកគាត់ដោយក្ដីអនុគ្រោះ និង តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន»។
ម្ចាស់គណនីខាងលើ ក៏ដូចជាតំណាងសិស្សក្រីក្រ បានបន្តទៀតថា ៖ «បើគួរពុំគួរសូមមេត្តា ខន្តីអភ័យទោសដល់រូបខ្ញុំផង ខ្ញុំបាទសូមគោរពជូនពរ សម្តេចឯកឧត្តម លោកជំទាវ លោកឧកញ៉ា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ លោកអ៊ំ ពូមីងបងប្អូន សូមឱ្យជួបតែ ពុទ្ធិពរ បួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖