ក្មេងស្រីអាយុ ១០ ឆ្នាំ ចូលខ្លួនទៅប៉ុស្តិ៍ប៉ូលិសសារភាព ព្រោះហ៊ានលួចលុយម៉ែឪជាង ១០០ ដុល្លារ ទិញអីញ៉ាំ
សារព័ត៌មាន South China Morning Post បានចុះផ្សាយកាលពីពេលថ្មីៗកន្លងទៅថា ក្មេងស្រីម្នាក់នៅប្រទេសចិន អាយុត្រឹម ១០ ឆ្នាំ បានចូលខ្លួនទៅសារភាពកំហុសនៅប៉ុស្តិ៍ប៉ូលិស ក្រោយពីនាងបានលួចលុយចំនួន ៨០០ យ័ន (ប្រមាណជា ១១០ ដុល្លារអាមេរិក) ពីឪពុកម្តាយរបស់នាង ដើម្បីទិញអាហារសម្រន់ញ៉ាំ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ នៅប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុង Ningbo ខេត្ត Zhejiang នៃប្រទេសចិន មានក្មេងស្រីម្នាក់ត្រកូល Zhang ត្រូវបានឪពុកនាំទៅសារភាពកំហុសទាំងទឹកភ្នែកពីបទលួចទ្រព្យសម្បត្តិ ដោយនាងបានសារភាពប្រាប់ប៉ូលិសទាំងទឹកភ្នែកថា ៖ «ឪពុករបស់ខ្ញុំ បានប្រាប់ខ្ញុំឱ្យចូលខ្លួនមកសារភាព»។
ជាមួយគ្នានេះដែរ ក្មេងស្រីតូចនោះ ត្រូវបានសួរនាំដោយប៉ូលិសពីរនាក់ឈ្មោះ Jiang Huoming និង Dong Zhuting ថា «តើអ្នកបានធ្វើកំហុសអ្វី? ហេតុអ្វីបានជាអ្នកមកសារភាព?» ភ្លាមៗនោះក្មេងស្រីនោះបានពន្យល់ថា ៖ «គ្រួសាររបស់នាង មានហាងលក់អីវ៉ាន់មួយ ដែលជាហាងនាងតែងតែទៅទិញអាហារសម្រន់ញ៉ាំ ប៉ុន្តែដោយសារឪពុករបស់នាង ព្រួយបារម្ភអំពីសុខភាពរបស់នាង ទើបគាត់បានដាក់កម្រិតលើចំនួនចំណីអាហារ ដែលនាងអាចញ៉ាំបាន»។
ទន្ទឹមនឹងនេះ ក្មេងស្រីនោះបានប្រាប់ពីកំហុសរបស់នាង ដោយបានរៀបរាប់ថា នាងបានលួចលុយពីឪពុកម្តាយនាងចំនួន ៨០០ យ័ន (ប្រមាណជា ១១០ ដុល្លារ) រួចក៏យកទៅទិញនំចំណីទៅចែកមិត្តរួមថ្នាក់របស់នាង ហើយក្រោយពីដឹងរឿងនេះ ឪពុករបស់នាងក៏បាននាំនាងទៅប៉ុស្តិ៍ប៉ូលិស ដើម្បីសារភាពកំហុស។
យ៉ាងណាមិញ ខាងប៉ូលិសបានបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងករណីនេះ ឪពុករបស់ក្មេងស្រីនោះបានបញ្ជាក់ថា ៖ «តាមពិតទៅ ខ្ញុំគ្រាន់តែចង់ឱ្យកូនបានរៀន និង ដឹងកំហុសប៉ុណ្ណោះ ហើយដើម្បីកុំឱ្យនាងធំឡើងហ៊ានលួចពីអ្នកដទៃ ព្រោះខ្ញុំមិនចង់ឱ្យកូនស្រីខ្ញុំដើរផ្លូវខុស ទើបខ្ញុំនាំនាងមកសារភាពកំហុសនៅប៉ុស្តិ៍ប៉ូលិស»។
ក្រោយពីដឹងបែបនេះហើយ លោកប៉ូលិស Dong និយាយទៅកាន់ក្មេងស្រីនោះថា ៖ «ប្រសិនបើអ្នកប្ដេជ្ញាកែកំហុសរបស់អ្នក សូមធ្វើកិច្ចសន្យា និង សរសេរជាលិខិតមួយទុកជាភស្តុតាង»ទើបក្មេងស្រីនោះងក់ក្បាល អង្គុយចុះ ហើយចាប់ផ្ដើមសរសេរអស់ ១០ នាទី ដោយបានរៀបរាប់ក្នុងសំណេរថា ៖ «ខ្ញុំនឹងមិនយកលុយរបស់ឪពុកម្តាយខ្ញុំទៀតទេ ហើយខ្ញុំនឹងមិនបោកនរណាម្នាក់ឡើយ។ ខ្ញុំនឹងខំប្រឹងរៀនដោយយកចិត្តទុកដាក់ ឧស្សាហ៍ព្យាយាម ហើយឈប់លេងកំឡុងពេលរៀនទៀតហើយ។ ខ្ញុំនឹងបំពេញកិច្ចការផ្ទះឱ្យទាន់ពេលជារៀងរាល់ថ្ងៃ»៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ
ប្រភព ៖ South China Morning Post