ដំណឹងរីករាយ! រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យសិក្សាពិនិត្យទិដ្ឋភាពជាក់ស្ដែង បញ្ចុះតម្លៃសេវាធ្វើលិខិតឆ្លងដែន ជូនពលរដ្ឋ
នៅព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យសិក្សា និងពិនិត្យទិដ្ឋភាពជាក់ស្ដែង ដើម្បីបញ្ចុះតម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នមានតម្លៃ ១១៥ ដុល្លារ។
តាមរយៈឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៅព្រឹកនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងឱ្យដឹងថា «ចំពោះលិខិតឆ្លងដែន ខ្ញុំគិតថា យើងគួរសិក្សាដើម្បីទម្លាក់តម្លៃជាងនេះបន្ដិច ខណៈបច្ចុប្បន្នតម្លៃជាង ១០០ ដុល្លារ»។
គួរឱ្យដឹងផងដែរថា លិខិតឆ្លងដែនទាំងអស់ មានសុពលភាព ១០ ឆ្នាំ នៃការប្រើប្រាស់ ខណៈលិខិតឆ្លងដែននេះទៀតសោត គឺជាឯកសារដ៏ចាំបាច់មួយសម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរទៅក្រៅប្រទេស ដោយបច្ចុប្បន្នសេវាក្នុងការធ្វើលិខិតឆ្លងដែន មានតម្លៃ ១១៥ ដុល្លារ ដោយប្រើប្រាស់ពេល ១ ខែក្នុងការធ្វើ។ ក្នុងនោះ ក៏មានតម្លៃផ្សេងទៀត ទៅតាមប្រភេទលឿន តាមតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ៕
ប្រភព ៖ Fresh News