ពលរដ្ឋឥណ្ឌា ថយអាយុរំពឹងទុក ៥ ឆ្នាំ ព្រោះរស់នៅជាមួយខ្យល់ពុលច្រើនពេក
ជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក ឥណ្ឌាជៀសមិនផុតឡើយពីបញ្ហាបរិស្ថានផ្សេងៗ ជាក់ស្តែងថ្មីៗនេះ មានការសិក្សាបានរកឃើញថា ប្រជាជនឥណ្ឌា អាចមានអាយុខ្លីជាងការរំពឹងទុកដល់ទៅ ៥ ឆ្នាំ ព្រោះតែពួកគេរស់នៅជាមួយខ្យល់ពុលកម្រិត PM2.5 ច្រើនពេក។
ក្នុងនោះ ប្រជាជននៅក្នុងទីក្រុងដេលី ជាទីក្រុងដែលមានខ្យល់ពុលច្រើនជាងគេ នឹងរងគ្រោះខ្លាំងបំផុត ដែលការសិក្សាបានរកឃើញថា អាយុរំពឹងទុករបស់ពួកគេ បានថយចាប់ពី ៥ ដល់ទៅ ៨ ឆ្នាំឯណោះ បើសិនជាគុណភាពខ្យល់នៅក្នុងប្រទេសមិនល្អទៅតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក។
ខ្យល់ពុលកម្រិត PM2.5 នេះ កំពុងតែវាយលុកខ្លាំងណាស់ នៅក្នុងតំបន់ផ្សេងៗជាច្រើននៅក្នុងប្រទេសឥណ្ឌា វាធ្វើឱ្យមានការប៉ះពាល់ និង កាត់បន្ថយអាយុជីវិតរបស់ប្រជាជន ទៅតាមកម្រិតខ្លាំងខ្សោយរបស់វា ដែលនេះគឺជាកត្តាដ៏គួរឱ្យបារម្ភខ្លាំងមួយ សម្រាប់ប្រទេសឥណ្ឌានាពេលឥឡូវនេះ។
យ៉ាងណាមិញ មិនមែនត្រឹមតែប្រទេសឥណ្ឌានោះទេ ដែលប្រទះបញ្ហានេះ ពោលគឺប្រទេសបង់ក្លាដេស ប៉ាគីស្ថាន ចិន នីហ្សេរីយ៉ា និង ឥណ្ឌូនេស៊ី ក៏ប្រទះដូចគ្នាដែរ ជារួមប្រជាជនអាចនឹងអាយុខ្លីដោយសារតែខ្យល់ដែលពួកគេដកដង្ហើម៕