ក្រសួងប្រកាសមុននេះ ប្រេងសាំងចុះថ្លៃ ៥០ រៀល តែម៉ាស៊ូតឡើងថ្លៃ ៥០ រៀល
នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ដោយតម្លៃប្រេងសាំងធម្មតាចុះថ្លៃ ៥០ រៀល និង ប្រេងម៉ាស៊ូតឡើងថ្លៃ ៥០ រៀល។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា តម្លៃលក់រាយប្រេងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ ប្រេងសាំងធម្មតានឹងចុះមកសល់ត្រឹម ៤ ៦០០ រៀលក្នុងមួយលីត្រ ហើយប្រេងម៉ាស៊ូតឡើងដល់ ៤ ៧៥០ រៀល។
គួរឱ្យដឹងដែរថា បើធៀបនឹងតម្លៃប្រេងសាំងចេញផ្សាយកាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ តម្លៃសាំងធម្មតាបានចុះថ្លៃ ៥០ រៀល ពី ៤ ៦៥០ រៀលមកនៅត្រឹម ៤ ៦០០ រៀល។ ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ បានឡើងថ្លៃ ៥០ រៀល ពីតម្លៃ ៤ ៧០០ រៀលមកដល់តម្លៃ ៤ ៧៥០ រៀល៕