អ្នករស់នៅតំបន់សមុទ្រសូមប្រុងប្រយ័ត្ន ព្រោះនឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ លាយឡំ ផ្គររន្ទះ ខ្យល់កន្រ្តាក់
ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ នេះបានចេញសេចក្ដីជូនដំណឹង ប្រកាសឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅតំបន់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ លាយឡំ និង ផ្គរ រន្ទះ ព្រមទាំងខ្យល់កន្រ្តាក់។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើន លាយឡំជាមួយនឹង ផ្គរ រន្ទះ ព្រមទាំងខ្យល់កន្រ្តាក់ ហើយនៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និង រលកសមុទ្រខ្ពស់ៗ។ យោងតាមការតាមដានស្ថានភាពវិវត្តនៃអាកាសធាតុ និង ព្យាករណ៍បន្ត ក្រសួងក៏បានអំពាវនាវឱ្យសាធារណជនទាំងអស់មានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់នានា ដែលអាចនឹងកើតមានជាយថាហេតុ។
គួរដឹងដែរថា កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងធនធានទឹក និង ឧតុនិយម ក៏បានឱ្យដឹងដែរថា កម្ពុជា បានទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើង ថៃ ឡាវ និង វៀតណាម រួមជាមួយនឹងឥទ្ធិពលខ្សោយពីព្យុះទីហ្វុង ឈ្មោះ «សាវឡា» ស្ថិតនៅខាងកើតនៃភាគខាងជើងប្រទេសហ្វីលីពីន ដែលព្យុះនេះនឹងដើរចូលដល់ភាគអាគ្នេយ៍ប្រទេសចិន នៅថ្ងៃទី ២ កញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ៕