៤ ប្រទេស ត្រូវបានចាត់ទុកថា មានការបំពុលបរិយាកាសខ្លាំងបំផុតលើពិភពលោក
សារព័ត៌មាន VN Express នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ នេះ បានចុះផ្សាយថា ការកើនឡើងនៃការបំពុលខ្យល់អាចកាត់បន្ថយអាយុសង្ឃឹមរស់លើសពី ៥ ឆ្នាំក្នុងមនុស្សម្នាក់នៅប្រទេសអាស៊ីខាងត្បូង ដែលជាតំបន់មួយមានការបំពុលខ្លាំងបំផុតក្នុងពិភពលោក។
យោងតាមរបាយការណ៍ ដែលបានចេញផ្សាយ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ បានបង្ហាញពីការបំពុលបរិយាកាសធ្ងន់ធ្ងរ ដែលមានគ្រោះថ្នាក់ដល់សុខភាព ក្នុងតំបន់អាស៊ីខាងត្បូង ដោយវិទ្យាស្ថានគោលនយោបាយថាមពលរបស់សាកលវិទ្យាល័យឈីកាហ្គោ (EPIC) បាននិយាយនៅក្នុងកម្មវិធីមួយថា ៖ «តំបន់ ដែលរាប់បញ្ចូលថាជាប្រទេស ដែលមានបំពុលបរិយាកាសខ្លាំងបំផុតលើពិភពលោកមានដូចជា បង់ក្លាដែស ឥណ្ឌា នេប៉ាល់ និង ប៉ាគីស្ថាន»។
ជាមួយគ្នានេះដែរ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ប្រទេសឥណ្ឌា គឺជាអ្នកទទួលខុសត្រូវ ចំពោះការកើនឡើងនៃការបំពុលចំនួន ៥៩ ភាគរយរបស់ពិភពលោកចាប់តាំងពីឆ្នាំ ២០១៣ មក ហើយនៅទីក្រុងញូវដេលី ដែលមានប្រជាជនរស់នៅយ៉ាងច្រើនបំផុត បានក្លាយជាទីក្រុងមេហ្គា មានខ្យល់បំពុលខ្លាំងបំផុតក្នុងពិភពលោក ដោយអាយុសង្ឃឹមរស់ជាមធ្យមបានធ្លាក់ចុះអស់ជាង ១០ ឆ្នាំ។
មិនតែប៉ុណ្ណោះ របាយការណ៍បានឱ្យដឹងទៀតថា ប្រទេសចិន ក៏បានដាក់វិធានការផ្សេងៗ ដើម្បីកាត់បន្ថយការបំពុលចំនួន ៤២.៣ ភាគរយនៅចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២១ ដែរ ដោយប្រទេសនេះបានគូសបញ្ជាក់ពី តម្រូវការសម្រាប់រដ្ឋាភិបាលក្នុងការបង្កើតទិន្នន័យគុណភាពខ្យល់ ដែលអាចចូលប្រើបាន ដើម្បីជួយសម្រួលដល់វិសមភាពសកលក្នុងការទទួលបានឧបករណ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុល៕
ប្រភព ៖ VN Express