គូស្នេហ៍កើតចំថ្ងៃដូចគ្នា ឥលូវកើតបានកូនភ្លោះ ក្នុងថ្ងៃកំណើតខ្លួនឯងទៀត
គូស្នេហ៍មួយគូ នៅរដ្ឋ Ohio ដែលចាប់កំណើតក្នុងថ្ងៃដូចគ្នា ឥលូវនេះទទួលបានចំណងដៃជីវិតជាកូនភ្លោះ ក្នុងថ្ងៃកំំំណើតរបស់ពួកគេថែមទៀត។
លោកស្រី Scierra Blair និង គូដណ្ដឹង Jose Ervin ថ្មីៗនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយពេលពួកគេ ស្វាគមន៏កំណើតកូនភ្លោះរបស់ពួកគេ (ស្រីម្នាក់ ប្រុសម្នាក់) ក្នុងថ្ងៃកំណើតរបស់ពួកគេ (ថ្ងៃទី ១៨ ខែសីហា)។ តាមព័ត៌មានបានឱ្យដឹងថា តាមពិតទៅ ថ្ងៃសម្រាលកូនរបស់ពួកគេ គឺត្រូវកើតមុននោះទេ ប៉ុន្តែដោយសារតែចង់ឱ្យកំណើតកូនកាន់តែមានន័យ ពួកគេក៏បានប្រាប់គ្រូពេទ្យ ឱ្យពន្យារការសម្រាលរហូតដល់ថ្ងៃកំណើតរបស់ពួកគេវិញ។
ថ្លែងប្រាប់ទស្សនាវដ្តី People លោក Ervin បានរៀបរាប់ថា៖ «ដោយសារតែគូដណ្ដឹងខ្ញុំ មានសុខភាពល្អ និង មិនស្ត្រេសមិនអីនោះ អ៊ីចឹងហើយកូនៗក៏មានសុខភាពល្អដែរ ដូច្នេះខ្ញុំគិតថា រង់ចាំបន្តិចក៏មិនអីដែរ»។
គួរឱ្យដឹងថា កូនប្រុសបងរបស់ពួកគេ Jose Ervin III បានកើតនៅម៉ោង ១២ និង ៣៥ នាទីយប់ ខណៈប្អូនស្រីរបស់គេ Ar’ria Lannette Ervin បានកើតនៅម៉ោង ១២ និង ៣៦ នាទីយប់ ក្នុងថ្ងៃកំណើតគម្រប់អាយុ ៣២ និង ៣១ ឆ្នាំ របស់ឪពុកម្ដាយគេ៕