ស្រុកមួយនៅចិន ប្រកាសឱ្យលុយទាំងខ្ទាស់ៗដល់គូស្នេហ៍រៀបការថ្មី ដែលមានអាយុ ២៥ ឆ្នាំឬតិចជាងនេះ
សារព័ត៌មាន Reuter បានចុះផ្សាយកាលពីថ្មីៗនេះថា ស្រុកមួយនៅភាគខាងកើតប្រទេសចិន បានប្រកាសផ្ដល់ប្រាក់រង្វាន់ដល់គូស្នេហ៍រៀបការថ្មីថ្មោងចំនួន ១០០០ យ័ន (ប្រមាណ ១៣៧ ដុល្លារ) ប្រសិនបើកូនក្រមុំមានអាយុ ២៥ ឆ្នាំ ឬ តិចជាងនេះ ដែលនេះជាវិធានការចុងក្រោយបំផុតក្នុងការលើកទឹកចិត្តប្រជាជនវ័យក្មេងឱ្យរៀបការ ក្រោយពីមានការព្រួយបារម្ភពីការកើនឡើងអត្រាកំណើត។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា សេចក្តីជូនដំណឹងនេះត្រូវបានផ្សព្វផ្សាយនៅលើគណនី Wechat ផ្លូវការរបស់ស្រុក Changshan កាលពីសប្តាហ៍មុនថា ៖ «រង្វាន់ប្រាក់ ១០០០ យ័នត្រូវបានផ្ដល់ឱ្យដើម្បីលើកកម្ពស់អាពាហ៍ពិពាហ៍សមស្របតាមអាយុ និង ការបង្កើតកូន» ហើយក៏មានរង្វាន់ឧបត្ថម្ភការថែទាំកូន ការមានកូន និង ការអប់រំផងដែរ។
យ៉ាងណាមិញ ក្រោយពីមានការព្រួយបារម្ភអំពីការធ្លាក់ចុះចំនួនប្រជាជនលើកដំបូងរបស់ប្រទេសចិន ក្នុងរយៈពេល ៦ ទសវត្សរ៍ចុងក្រោយនេះ ព្រមទាំងមានចំនួនប្រជាជនវ័យចំណាស់ជាច្រើន បានធ្វើឱ្យរដ្ឋាភិបាលចិន ដាក់ចេញនូវវិធានការជាបន្ទាន់មួយចំនួន ដើម្បីលើកកម្ពស់អត្រាកំណើត រួមទាំងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ក្នុងការកែលម្អកន្លែងថែទាំកុមារ។
គួរដឹងដែរថា អត្រាមានកូនរបស់ប្រទេសចិន ដែលជាកម្រិតទាបបំផុតមួយរបស់ពិភពលោកត្រូវបានគេប៉ាន់ប្រមាណថា បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម ១.០៩ កាលពីឆ្នាំ ២០២២ បណ្ដាលមកពីការចំណាយលើការមើលថែកូនកើនឡើងខ្ពស់ និង ការបញ្ឈប់អាជីពរបស់ស្រ្តី ទើបធ្វើឱ្យស្ត្រីជាច្រើនលែងចង់មានកូនច្រើន ឬ រៀបការ៕
ប្រភព ៖ Reuter