ប្រទេសអារ៉ាប៊ីសាអូឌីត រឹតបន្តឹងច្បាប់រៀនសូត្រ បើកូនសិស្សអវត្តមាន ២០ ថ្ងៃជាប់គ្នា ឪពុកម្តាយនឹងជាប់ពន្ធនាគារ
សារព័ត៌មាន Wion បានចុះផ្សាយនាពេលថ្មីៗនេះថា ប្រទេសអារ៉ាប៊ីសាអូឌីតប្រកាសរឹតបន្តឹងច្បាប់សាលារៀន ដោយដាក់ទោសឱ្យឪពុកម្តាយសិស្សមានទោសជាប់ពន្ធនាគារ ក្នុងករណីកូនរបស់ពួកគេអវត្តមានរយៈពេល ២០ ថ្ងៃ ដោយគ្មានមូលហេតុច្បាស់លាស់។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងទៀតថា ច្បាប់នេះត្រូវបានដាក់ជាធរមាន ស្របតាមច្បាប់ស្តីពីការការពារកុមាររបស់ប្រទេសអារ៉ាប៊ីសាអូឌីតរួចហើយ ដោយមានបំណងលើកកម្ពស់គុណភាពនៃការអប់រំក្នុងឆ្នាំសិក្សាខាងមុខៗ។ យោងតាមរបាយការណ៍បានឱ្យដឹងដែរថា ប្រសិនបើសិស្សម្នាក់អវត្តមានពីសាលារយៈពេល ២០ ថ្ងៃ ដោយគ្មានហេតុផលត្រឹមត្រូវ អាណាព្យាបាលរបស់ពួកគេប្រឈមនឹងការស៊ើបអង្កេត ដោយអយ្យការសាធារណៈក្រោមច្បាប់ការពារកុមាររបស់ប្រទេស រហូតដល់ពេលបញ្ចប់ការសាកសួរសំណុំរឿងនឹងត្រូវបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ ប្រសិនមានរកឃើញថាមានការធ្វេសប្រហែស ឬ មិនបានយកចិត្តទុកដាក់ពីសំណាក់អាណាព្យាបាល ពាក់ព័ន្ធនឹងការអវត្តមានយូររបស់សិស្ស នោះចៅក្រមនឹងផ្តន្ទាទោសអាណាព្យាបាលដាក់ពន្ធនាគារតាមច្បាប់កំណត់។
ជាមួយគ្នានេះដែរ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា នាយកសាលាមានកាតព្វកិច្ចរាយការណ៍ករណីនេះទៅនាយកដ្ឋានអប់រំរៀងៗខ្លួន ដែលជាការចាប់ផ្ដើមនៃនិតិវិធីច្បាប់ ហើយក្រោយមក ក្រសួងអប់រំនឹងចាត់ការតាមនីតិវិធី ដោយឱ្យនាយកដ្ឋានថែទាំគ្រួសារទៅសាកសួរសិស្សផ្ទាល់ ដើម្បីបញ្ជាក់ពីមូលហេតុនៅពីក្រោយការអវត្តមានក្នុងរយៈយូរ៕
ប្រភព ៖ Wion