ភ្ញាក់ផ្អើល! អង្គការ NASA ទម្លាយ ពពួកអេលានអាចកំពុងលាក់ខ្លួននៅភពសុក្រ
ភពមួយក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានកម្ដៅក្ដៅឆេះរហូតដល់ ៤៧៥ អង្សាសេ ក្រោមបរិយាកាសអាស៊ីតដ៏ក្រាស់ អាចនឹងជាទីកន្លែងចុងក្រោយ ដែលយើងរំពឹងថា នឹងមានពពួកអេលានរស់នៅ។
យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្រម្នាក់ប្រចាំអង្គការ NASA បានអះអាងថា ពពួកក្រៅភពទាំងនោះ គឺអាចនឹងកំពុងតែលាក់ខ្លួននៅលើភពសុក្រ បើទោះជាស្ថានភាពបរិយាកាសនៃភពនោះ មិនអាចឱ្យមនុស្សយើងទ្រាំទ្របានក៏ដោយ។
បើតាមទ្រឹស្តីថ្មីរបស់លោកស្រីបណ្ឌិត Michelle Thaller អ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវនាមជ្ឈមណ្ឌល Goddard Space Flight បានលើកឡើងថា សញ្ញានៃភាវៈមានជីវិតអាចនឹងមានពិតមែន លើភពដែលបរិយាកាសពោរពេញដោយឧស្ម័នកាបូបឌីអុកស៊ីតនេះ។ ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន The Sun លោកស្រីបាននិយាយថា៖ «ពួកយើង ឃើញសញ្ញានៃភាវៈមានជីវិតនៅក្នុងបរិយាកាសនៃភពសុក្រ។ ខ្ញុំមិនដែលរំពឹងថាភពសុក្រនេះឡើយ។ ឥឡូវនេះ ភពសុក្រ គឺជាកន្លែងមួយដែលយើងឃើញអ្វីមួយនៅក្នុងបរិយាកាសដែលមើលទៅហាក់ដូចជាវាអាចផលិតដោយបាក់តេរី»។
គួរឱ្យដឹងផងដែរថា ភពសុក្រ ជាញឹកញាប់តែងតែលើកឡើងជា «ភពភ្លោះរបស់ភពផែនដី» ព្រោះតែវាមានទម្រង់ និង ទំហំស្រដៀងគ្នា។ ទោះជាយ៉ាងណា ស្ថានភាពបរិយាកាសរបស់វា គឺនៅតែដដែល ព្រោះអ្នកអវកាសជឿជាក់ថា វាគឺមិនអាចទៅរួចនោះឡើយ ដែលមនុស្សយើងអាចរស់រានលើភពនោះបាន៕