សេចក្ដីប្រកាសព័ត៌មាន អំពីកម្មវិធី Cambodia Kids Academy ឆ្នាំ ២០២៣
សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាភ្នំពេញ គាំទ្រដោយក្រសួងអប់រំ យុវជន និង កីឡា រួមជាមួយការសហការណ៍ឧបត្ថម្ភពីបណ្តាក្រុមហ៊ុនឯកជនជាច្រើន បានរៀបចំគម្រោងកម្មវិធីកម្មសិក្សាកុមារកម្ពុជា «2023 JCI Cambodia Kids Academy» យ៉ាងជោគជ័យកាលពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣ លើទឹកដីខេត្តសៀមរាប។
ជម្រាបផងដែរថា នេះជាឆ្នាំទី ២ ហើយដែលកម្មវិធីកម្មសិក្សាកុមារកម្ពុជាបានរៀបចំឡើងនៅក្នុងខេត្តសៀមរាប ជាទីតាំងសម្រាប់ប្អូនៗកុមារចំនួន ២០ រូប មកពីបណ្តាលខេត្តក្រុងក្នុងប្រទេសកម្ពុជា ក៏ដូចជាមកពីបណ្តាប្រទេសអាស៊ាន ក្នុងនោះមានកុមារមកពីប្រទេថៃ និង ឥណ្ឌូនេសុី បានរៀនសូត្រ និង ទទួលបានបទពិសោធថ្មីប្លែកទាក់ទងនឹងតំបន់ប្រវត្តិសាស្ត្រសំខាន់ៗ ក៏ដូចជាការអនុវត្តន៍ដោយផ្ទាល់ក្នុងសកម្មភាពជាច្រើននៃកម្មវិធី។
ក្នុងដំណើរការនៃកម្មវិធីដែលប្រព្រឹត្តទៅអស់រយៈពេល ៤ ថ្ងៃ និង ៣ យប់ ប្អូនៗកុមារពិតជាទទួលបានភាពរីករាយប្លែក រាប់អានមិត្តភក្តិថ្មីៗ ព្រមទាំងទទួលបានចំណេះដឹងជាច្រើនត្រឡប់ទៅវិញ។
គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មសិក្សារបស់ពួកយើងមានរួមបញ្ចូលសកម្មភាពសំខាន់ៗ ៣ ដែលក្នុងនោះរួមមាន ៖ វគ្គបណ្តុះបណ្តាលទាក់ទងនឹងទម្លាប់ទាំង ៧ ដ៏មានប្រសិទ្ធភាពសម្រាប់យុវវ័យ ការចែករំលែកអំពី SDGs ការដាំដើមឈើ Yoga & សមាធិ ការបង្រៀនធ្វើម្ហូប ការដាប់ចម្លាក់ស្បែក និង តម្បាញ ការស្វែងយល់អំពីប្រវត្តិសាស្រ្តដកស្រង់របស់ប្រាសាទអង្គវត្ត និង សហគមន៍នៅក្នុងខេត្តសៀមរាប និង វគ្គបណ្តុះបណ្តាលជាភាពដឹកនាំតាមរយៈ ការធ្វើការងារជាក្រុម និង ការសម្តែងសមត្ថភាពជាក្រុម។
កម្មវិធី 2023 JCI Cambodia Kids Academy យើងសូមថ្លែងអំណរគុណចំពោះសិស្សានុសិស្ស មាតាបិតា គ្រូបណ្តុះបណ្តាល អ្នកឧបត្ថម្ភ ដៃគូ ទីកន្លែង អ្នករៀបចំ និង អ្នកពាក់ព័ន្ធទាំងអស់សម្រាប់ការរួមចំណែករបស់អ្នក និង ជាផ្នែកមួយនៃកម្មវិធីរបស់យើងក្នុងឆ្នាំ ២០២៣ ហើយក៏សូមអរគុណយ៉ាងជ្រៀលជ្រៅក្នុងការរួមដំណើរនិងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយពួកយើងនា ៣ យប់ ៤ ថ្ងៃនេះ ពួកយើងសង្ឃឹមថានឹងមានវត្តមានអ្នកទាំងអស់គ្នាជាថ្មីម្ដងទៀតនាឆ្នាំបន្ទាប់ៗ៕