នារីម្នាក់ចែករំលែកបទពិសោធមួយ ស្ទើរតែធ្វើឱ្យនាងបាត់បង់ភ្នែកមួយចំហៀង ដោយសារឆត្រ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងក្ដីអាណិតអាសូរចំពោះនារីមួយរូបដែលស្ទើរតែបាត់បង់កែវនេត្រាមួយចំហៀង ដោយសារតែរងគ្រោះ ព្រោះតែឆត្រនឹកស្មានមិនដល់។
ទាក់ទិនទៅនឹងរឿងរ៉ាវនឹកស្មានមិនដល់នេះផងដែរ តាមរយៈគណនីហ្វេសប៊ុកជនរងគ្រោះផ្ទាល់ ដែលមានឈ្មោះ Dara Kunthea បានបង្ហោះឱ្យដឹងថា ៖ «វាជាបទពិសោធ និង ការចែករំលែកក្នុងការប្រើប្រាស់ឆត្រ។ គ្រប់ពេលដែលបិទវា ត្រូវប្រាកដថាចូលគន្លាក់សុវត្តិភាពរបស់វាឱ្យបាន 100% ចៀសវាងវារលាស់ដោយមិនបានបញ្ជា ដូចករណីនាងខ្ញុំ ត្រឹមតែ ១ វិនាទី ស្ទើតែបាត់បង់ភ្នែក ១ ចំហៀងទៅហើយ»។
ចំពោះរឿងនេះដែរ មានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បាននាំគ្នាសម្ដែងការសោកស្ដាយ និង បញ្ចេញមតិជូនពរ ទើបម្ចាស់គណនីឆ្លើយតបឱ្យដឹងថា ៖ «អរគុណដល់សណ្តានចិត្ត ពុកម៉ែបងប្អូន និង មិត្តភក្តិទាំងអស់ដែលផ្ញើសារជូនពរ ក៏សូមអភ័យទោសដែលមិនបានឆ្លើយតប ដោយសារភ្នែកមានបញ្ហា»៕