កោតធ្វើទៅរួច! ខឹងម៉ែឪមិនព្រមទិញម៉ូតូក្នុងក្ដីស្រមៃឱ្យ យកផ្ទះកេរ្តិ៍គ្រួសារទៅលក់ឡៃឡុង
តាមការចេញផ្សាយរបស់សារព័ត៌មាន SCMP បានឱ្យដឹងថា ក្មេងជំទង់ម្នាក់នៅប្រទេសចិន បានធ្វើការលក់ផ្ទះដែលជាកេរ្តិ៍គ្រួសារចែកឱ្យ ក្នុងតម្លៃពាក់កណ្ដាលនៃតម្លៃដើម ១ លានយ័ន (ប្រមាណ ១៣៩ ០០០ ដុល្លារ) ដើម្បីយកលុយទៅទិញម៉ូតូមួយគ្រឿងដែលខ្លួនស្រឡាញ់។
យ៉ាងណាមិញ ក្រុមគ្រួសាររបស់ក្មេងប្រុសរូបនោះ ផ្ទុះការមិនពេញចិត្ត ហើយក៏បានធ្វើចំណាត់ការតាមផ្លូវច្បាប់ រហូតការដាក់លក់ផ្ទះនោះត្រូវបានលុបចោលវិញ។ បើតាមព័ត៌មានដដែលបានឱ្យដឹងថា មូលហេតុដែលក្មេងប្រុសនោះ សម្រេចចិត្តលក់ផ្ទះកេរ្តិ៍របស់ជីតា ក៏ព្រោះតែឪពុកម្ដាយគេ មិនព្រមទិញម៉ូតូឱ្យខ្លួន។ តាមឱ្យដឹង រូបគេបានស្នើឱ្យខាងភ្នាក់ងារអចលនទ្រព្យជួយក្នុងការលក់ ដោយមិនបានប្រាប់ឪពុកម្ដាយគេឡើយ។
តាមព័ត៌មាន SCMP បានឱ្យដឹងទៀតថា ក្មេងប្រុសនោះ បានយល់ព្រមលក់ផ្ទះនោះក្នុងតម្លៃ ៧២ ០០០ ដុល្លារ ប៉ុន្តែខាងភ្នាក់ងារអចលទ្រព្យ បានយកលក់បន្តទៅកាន់ភ្នាក់ងារមួយផ្សេងទៀតក្នុងតម្លៃខ្ពស់ ដើម្បីបានប្រាក់ចំណេញ។ យ៉ាងណាមិញ ក្រោយម្ដាយរបស់ក្មេងប្រុសនោះដឹងរឿង រូបគាត់ក៏បានប្រាប់ទៅភ្នាក់ងារអចលនទ្រព្យឱ្យលុបចោលការទិញផ្ទះនោះវិញ ប៉ុន្តែពួកគេមិនព្រម ក៏គាត់ចេញចំណាត់ការដល់តុលាការ។
ពេលដល់តុលាការ ខាងចៅក្រមក៏បានពិនិត្យមើលឯកសារលក់ ហើយស្ដាប់ការរៀបរាប់របស់ក្មេងប្រុសនោះ និង ខាងភ្នាក់ាងារលក់និយាយ។ ចុងក្រោយ ចៅក្រមបានសម្រេចចិត្តថា ក្មេងនោះ មិនបានដឹងថា ផ្ទះនោះអាចលក់បានតម្លៃប៉ុន្មាននោះឡើយ ហើយខាងភ្នាក់ងារលក់ បានបោកគេ ឱ្យលក់ក្នុងតម្លៃទាបខ្លាំង។ ជាលទ្ធផល តុលាការ ក៏សម្រេចលុបចោលការព្រមព្រៀងលក់ ហើយប្រគល់ផ្ទះទៅឱ្យក្មេងប្រុសនោះវិញ៕
ប្រភព៖ SCMP