អ្នកបើកទូក-ដចិត្តធម៌ ឃើញគ្រួសារមួយជិះសង់ការ៉េ មានកូនតូចឈឺត្រូវទៅពេទ្យ ប្រញាប់ចេញដំណើរទៅភ្លាម
ភពផែនដីនេះគឺជាចំណតមួយភ្លែតនៃជីវិត ជាកន្លែងសម្រាប់ចែករំលែកនូវក្ដីស្រឡាញ់ និងជួយយកអាសាគ្នាទៅវិញទៅមក ក្នុងកំឡុងពេលដែលប្រទះឃើញអ្នកនៅក្បែរខ្លួនជួបទុក្ខលំបាក ជាទូទៅមនុស្សល្អ គឺមិនឈរមើលតែនឹងភ្នែកនោះឡើយ។
នេះដូចទៅនឹងករណី អ្នកបើកទូក-ដមួយនៅអរិយក្សត្រ ដែលមានគុណធម៌គួរឱ្យគោរពស្ញប់ស្ញែង ដែលលោកបានចេញទូកទៅភ្លាម ដើម្បីឱ្យក្រុមគ្រួសារមួយដែលមានកូនឈឺត្រូវទៅមន្ទីរពេទ្យគន្ធបុប្ផា ឆាប់បានទៅមន្ទីរពេទ្យ ដោយពុំរង់ចាំដាក់ភ្ញៀវ ឬខ្វាយខ្វល់ពីការខាតបង់ចំណូលនោះឡើយ។
រឿងរ៉ាវខាងលើនេះ ត្រូវបានបង្ហោះដោយគណនីមួយដែលមានឈ្មោះ យី ចាន់រ៉ា ដែលបានបញ្ជាក់ឱ្យដឹងថា ៖ «មានប្រជាពលរដ្ឋផ្ញើរូបភាពនេះមកខ្ញុំ ដោយនិយាយពីរឿងទូក-ដ ភ្នំពេញ-អរិយក្សត្រ។ គាត់ឃើញផ្ទាល់នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ នេះ។ ដោយមានប្រជាពលរដ្ឋមួយគ្រួសារដែលជិះម៉ូតូ សង់ការ៉េ ក្នុងរូបភាពនេះ កូនរបស់គាត់មានជំងឺ ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យគន្ធបុប្ផា ពេលនោះគឺអ្នកបើកទូក-ដ ចេញទូកទៅភ្លាម ដោយមិនរង់ចាំមានភ្លៀវពេញទើបចេញទៅនោះទេ។ នេះអាចចាត់ទុកបានថាជាគុណធម៌មួយ និង បានចូលរួមឱ្យសង្គមរបស់យើង ស្រឡាញ់អំពើល្អ និង ចង់ធ្វើអំពើល្អ។ ប្រជាពលរដ្ឋអរគុណទូកដ ដែលបានយកចិត្តទុកចំពោះប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ទោះបីសង់ការ៉េ ចាស់បន្តិច»៕