ឡូយកប់! ក្រុមហ៊ុនមួយនៅជប៉ុន បង្កើតបន្ទប់គេងឈរ ឱ្យបុគ្គលិកសម្រាកបន្ធូរស្រេ្តស ក្នុងម៉ោងធ្វើការ
ក្រុមហ៊ុនមួយនៅជប៉ុនឈ្មោះថា Koyoju Plywood Corporation បានបង្កើតបន្ទប់តូចមួយហៅថា «Giraffenap» ដោយអាចឱ្យអ្នកប្រើប្រាស់ដែលមានអារម្មណ៍ហត់ ឬ ងងុយគេង សម្រាកបាន ទាំងខ្លួនឯងកំពុងឈរ ឬ អង្គុយ។
បន្ទប់ «Giraffenap» អាចជួយឱ្យបុគ្គលិក បន្ធូរអារម្មណ៍ហត់នឿយ ក្នុងរយៈពេលត្រឹម ២០ នាទី ដែលជាចំណែកមួយជួយឱ្យបុគ្គលិកបំពេញការងារបានល្អប្រសើរជាងមុនទៀតផង ព្រោះការសម្រាករយៈពេលខ្លីនេះ អាចជួយឱ្យពួកគេ កាត់បន្ថយភាពនឿយហត់ ស្ត្រេស និង ថែមទាំងជួយឱ្យពួកគេផ្ដោតលើការងារបានល្អផងដែរ។
យ៉ាងណាមិញ ក៏មានមហាជនឆ្ងល់ថា ហេតុអ្វីបានជាបង្កើតបន្ទប់នេះឡើង ដោយឱ្យបុគ្គលិកសម្រាកទាំងឈរបែបនេះ? បើតាមការបញ្ជាក់ពីខាងក្រុមហ៊ុន ដែលសហការស្រាវជ្រាវជាមួយមហាវិទ្យាល័យ Hokkaido និង Taiwan’s National Cheng Kung University បានឱ្យដឹងថា ការគេងទាំងឈរនេះ អនុញ្ញាតឱ្យយើងគេងបានក្នុងកម្រិតមួយដែលឱ្យយើងដកដង្ហើមបានស្រាល ដូច្នេះ ពេលដែលយើងងើបវិញ យើងនឹងគ្មានអារម្មណ៍ថាខ្លួនគេងជ្រុល និង អាចត្រឡប់ទៅធ្វើការវិញបាន ដោយគ្មានអារម្មណ៍ឈឺក្បាល វិលមុខធីងធោងនោះឡើយ។ មួយវិញទៀត ការធ្វើបន្ទប់លក្ខណៈបញ្ឈរបែបនេះ គឺវាជួយកាត់បន្ថយការចំណាយទីធ្លាក្នុងអូហ្វីសផងដែរ។
គួរឱ្យដឹងផងដែរថា បន្ទប់សម្រាកនេះដែរ បង្កើតមកដោយរួមមានឧបករណ៍សំខាន់ៗមួយចំនួនផងដែរ ដូចជាបំពង់ពន្លត់អគ្គិសភ័យ ឧបករណ៍ចាប់ផ្សែង កង្ហាបូមខ្យល់ និង អំពូល LED ការពារសុវត្ថិភាព ហើយវាក៏ជួយបិទបាំងសំឡេងពីខាងក្រៅបានយ៉ាងល្អ ជួយរក្សាភាពស្ងប់ស្ងាត់ល្អ សម្រាកបានស្រួល៕