ករណីចោរគាស់ទ្វារបាត់ឡានថ្ងៃមុន ពេលនេះសមត្ថកិច្ចរកឃើញ ប្រគល់ជូនម្ចាស់វិញហើយ
កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ គណនីហ្វេសប៊ុកមួយឈ្មោះ Nhang Maly បានបង្ហោះសារយ៉ាងរំជួលចិត្តមួយ ដោយក្នុងសារនោះបានឱ្យដឹងថា មានករណីចោរបានធ្វើសកម្មភាពចូលគាស់ផ្ទះលួចឡាន ត្រង់ចំណុចភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ២ ទៀបភ្លឺ ឈានចូលថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣។
តាមការឱ្យដឹងពីជនរងគ្រោះដែលបានបាត់រថយន្ត បានឱ្យដឹងថា រថយន្តដែលត្រូវបានចោរលួចនោះ គឺម៉ាក Starex ពណ៌ស ពាក់ស្លាកលេខសៀមរាប 2C 0060។ តាមដំណើររឿង ជនរងគ្រោះបានរៀបរាប់ថា នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ ជនរងគ្រោះបានជិះរថយន្តមកផ្ទះ ហើយចតនៅចំណុចលើផ្លូវបេតុង ផ្ទះលេខ P១១ បុរី PRS ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រួចហើយក៏ដកសោរថយន្តទៅទុកនៅលើបង្កាន់ដៃជណ្ដើរក្នុងផ្ទះ និង បានចូលសម្រាកក្នុងផ្ទះ។ លុះរហូតដល់ម៉ោង ៦ និង ០០ នាទី ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ ពេលខ្លួនបានចេញពីផ្ទះវិញ គឺមិនឃើញរថយន្តដែលចតនោះឡើយ ក៏ផ្អើលឆោឡោឡើងហើយបានចូលទៅមើលក្នុងផ្ទះ ទើបឃើញស្នាមគាស់កញ្ចក់ទ្វារក្រោយ និង បាត់សោរថយន្តដែលទុកនោះ។ ពេលទៅឆែកកាមេរ៉ាសុវត្ថិភាព ទើបបានឃើញមានចោរគាស់ចូលលួច។
យ៉ាងណាមិញ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ នេះ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Nhang Maly បានបញ្ជាក់ឱ្យដឹងថា ៖ «ប្អូននាងខ្ញុំបានរកឡានឃើញវិញហើយ នាងខ្ញុំ និងបងប្អូននាងខ្ញុំ សូមថ្លែងអំណរអរគុណជាពិសេសទៅដល់លោកអធិការខណ្ឌព្រែកព្នៅ និងលោកមេប៉ុស្តិ៍ រងប៉ុស្តិ៍សង្កាត់គោករការ ដែលបានចំណាយពេលវេលាបំពេញកាតព្វកិច្ច និងចំណាយកម្លាំងជួយតាមរកឡានឱ្យដល់ប្រជាពលរដ្ឋដូចជាគ្រួសារនាងខ្ញុំ។ ហើយពួកនាងខ្ញុំ ក៏សូមអរគុណដល់បងប្អូនដែលបានជួយស៊ែរចែកចាយព័ត៌មានផងដែរ ហើយមួយវិញទៀតសូមអរគុណដល់ page សារព៌តមានទាំងអស់ដែលដែលជួយចុះផ្សាយ»៕