ខ្ចីប្រាក់ព្រះសង្ឃ ៤ ម៉ឺន សន្យា ៥ ថ្ងៃសងវិញ ដល់ថ្ងៃកំណត់ជិះកង់អេតចាយមកសងតាមសន្យា តែចុងក្រោយជួបរឿងរំជួលចិត្ត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាសម្ដែងក្ដីរំជួលចិត្ត ក្រោយបានជ្រាបករណីអ៊ំប្រុសវ័យចំណាស់មួយរូប យកប្រាក់មកប្រគេនសងព្រះសង្ឃមួយអង្គ ស្ថិតក្នុងវត្តសិរីសាគរដូនស្ដើង ក្រោយលោកអ៊ំបានខ្ចីប្រាក់ចំនួន ៤ ម៉ឺនរៀល និង សន្យាថានឹងយកមកសងវិញក្នុងរយៈពេល ៥ ថ្ងៃ។
ទាក់ទិនទៅនឹងរឿងនេះ បើតាមព្រះសង្ឃនៅវត្តសិរីសាគរដូនស្ដើង បានមានសង្ឃដីកាឱ្យដឹងថា ៖ «ថ្ងៃមុនអ៊ំប្រុសនេះ មកខ្ចីលុយ ៤០០០០៛ (៤ ម៉ឺន៛) គាត់និយាយថា បើរកបាន ៥ ថ្ងៃក្រោយខ្ញុំកូណា នឹងយកប្រាក់មកសងវិញ។ ត្រឹមតែជាអ្នករើសអេតចាយសោះ គាត់គោរពពាក្យសន្យាសងប្រាក់បានយ៉ាងល្អ អរគុណអ៊ំ ដោយក្តីអាណិត»។
យ៉ាងណាមិញ បើតាមរយៈវីដេអូដែលបង្ហោះដោយ វត្តសិរីសាគរដូនស្ដើង បានបង្ហាញឱ្យឃើញថា ក្រោយពីអ៊ំប្រុសបានសងប្រាក់ជូនព្រះសង្ឃ គឺលោកពុំទទួលនោះឡើយ ដោយមានតែឧបត្ថម្ភនូវថវិកាបន្ថែម ព្រមទាំងជូននូវសម្ភារប្រើប្រាស់ជាច្រើនផងដែរ រហូតធ្វើឱ្យអ៊ំប្រុសលើកដៃសំពះទាំងរំជួលចិត្តស្រក់ទឹកភ្នែកតែម្ដង៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖