ជំពាក់គេច្រើនពេក! បែកគំនិតខ្ចីម៉ូតូម្ដាយទៅបញ្ចាំ រួចយកដុំថ្មវា.យក្បាលខ្លួនឯង ថាគេប្ល.ន់យកម៉ូតូបាត់
នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ នេះ ស្នងការនគរបាលខេត្តកណ្ដាល បានបង្ហោះព័ត៌មានហួសចិត្តមួយពីករណីបុរសម្នាក់ ខ្ចីម៉ូតូម្ដាយជិះទៅបញ្ចាំ ព្រោះជំពាក់គេច្រើនពេក ក្រោយមកក៏យកដុំថ្មមកវាយក្បាលខ្លួនឯង រួចប្ដឹងប៉ូលិសថាជាករណីប្លន់យកម៉ូតូ។
យោងតាមស្នងការនគរបាលខេត្តកណ្ដាល បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ វេលាម៉ោង ៣:៣០ នាទីទៀបភ្លឺ ត្រង់ចំណុចតាមបណ្តាយផ្លូវកៅស៊ូ ៧០B ស្ថិតនៅ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដោយជនសង្ស័យមានឈ្មោះថា រស់ វឌ្ឍនា ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខែ្មរ មុខរបរ ពេទ្យសត្វ ស្នាក់នៅបច្ចុប្បន្ន ក្នុងបុរីទួលសង្កែ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
នៅក្នុងវីដេអូសារភាព ជនសង្ស័យបានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ថាមានករណីលួចមានស្ថានទម្ងន់ទោស (ភ្ជង់កាំភ្លើងខ្លី វាយក្បាលនឹងដុំថ្ម) យកម៉ូតូម៉ាក Honda Scoopy ពណ៌ស លាយផ្កាឈូក ផលិតឆ្នាំ ២០២២ ពាក់ស្លាកលេខ 1JM-8242 នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ៣:៣០ នាទីទៀបភ្លឺ ចំណុចតាមបណ្តាយផ្លូវកៅស៊ូ ៧០B ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅពេលខ្លួនធ្វើដំណើរត្រឡប់មកពីរាជធានីភ្នំពេញវិញ។ ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនសង្ស័យ សតម្ថកិច្ចពាក់ព័ន្ធបានធ្វើការសាកសួរបំភ្លឺជនសង្ស័យ និង ឆែកតាមកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ បានបង្ហាញឱ្យឃើញពីសកម្មភាពមិនប្រក្រតី ដោយឃើញជនសង្ស័យដើរម្នាក់ឯងចុចទូរស័ព្ទខុសពីផ្លូវកន្លែង ដែលកើតហេតុ ទើបសមត្ថកិច្ចបានហៅ ជនសង្ស័យមកសាកសួរជាលើកទី ២។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ១៨:០០នាទីល្ងាច ខ្លួនបានខ្ចីម៉ូតូម្តាយឈ្មោះ អ៊ុ សុខនៅ ម៉ាក Honda Scoopy ពណ៌ស លាយផ្កាឈូក ផលិតឆ្នាំ ២០២២ ពាក់ស្លាកលេខ 1JM-8242 ទៅដឹកតែគុជនៅហាងមិត្តភក្ដិ ឈ្មោះ សីហា នៅម្តុំវត្តបទុម រាជធានីភ្នំពេញ។ ពេលនិយាយរួច ជនសង្ស័យបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះទៅឆ្លងតាមកំពង់ចម្លងអរិយក្សត្រ ឆ្ពោះទៅផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ ដើម្បីបញ្ចាំម៉ូតូនៅហាងមួយមិនចាំយីហោ បានប្រាក់ចំនួន ១៥០០ ដុល្លារ ក្រោយពេលទទួលប្រាក់តាមធនាគាររួចរាល់ ក៏ ផ្ទេរប្រាក់ចំនួន ១៤៩០ ដុល្លារសងបន្តទៅអោយឈ្មោះ Y VANNAK ។
បន្តិចក្រោយមកក៏បានហៅ ផាស់អាប់ជិះទៅហាងលក់តែគុជ របស់មិត្តភក្តិនៅម្តុំវត្តបទុម អង្គុយលេងដល់វេលាម៉ោង ៣:០០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣ ជនសង្ស័យក៏បានពឹងឱ្យអ្នកស្គាល់គ្នាដឹកមក កំពង់ចម្លងអរិយក្សត្រ ហើយឆ្លងទូក-ដ មកដល់ខាងភូមិអរិយក្សត្រ បានឡើងជិះផាស់អាប់ ដើម្បីទៅផ្ទះ ហើយពេលជិះដល់ចំណុចហាងលក់មីហឹរ ក៏ឈប់ចុះដើរ ចុចទូរស័ព្ទសំដៅទៅផ្ទះ ពេលដើរដល់ផ្លូវចូលបុរីទួលសង្កែ ជនសង្ស័យក៏រើសយកដុំថ្មទំហំប៉ុនបាតដៃមកវាយក្បាលខ្លួនឯងពីក្រោយចំនួន ២ ដង បណ្តាលឱ្យបែកក្បាល ហើយប្រឌិតរឿងកុហកម្តាយ និង ប្រពន្ធ ថា ចោរបានស្ទាក់វាយ ភ្ជង់ ប្លន់យកម៉ូតូបាត់។
គួរឱ្យដឹងដែរថា បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់ការតាមនីតិវិធី ច្បាប់៕
ប្រភព ៖ ស្នងការនគរបាលខេត្តកណ្ដាល