អ្នកប្រឡងបាក់ឌុបត្រូវដឹង! ប្រយ័ត្នប្រឈមលុបឈ្មោះប្រឡងដោយមិនដឹងខ្លួន បើស្ថិតក្នុងករណី ៣ នេះ
នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ នេះ ក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសព័ត៌មានស្ដីពីការកំណត់បេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបានឱ្យដឹងពីការលុបបេក្ខភាពប្រឡង ដែលនឹងត្រូវធ្វើឡើងដោយយកចិត្តទុកដាក់ និង ហ្មត់ចត់ពីក្រុមប្រឹក្សាវិន័យសិក្សានៃគ្រឹះស្ថានមធ្យមសិក្សានីមួយៗ ផ្អែកលើករណីចំនួន ៣ ដូចជា ៖
• ករណីទី ១ ៖ សិស្សមានមធ្យមភាគពិន្ទុប្រចាំឆ្នាំក្រោម ២៥.០០។
• ករណីទី ២ ៖ សិស្សគ្មានមធ្យមភាគពិន្ទុប្រឡងឆមាស (ឈប់ឥតច្បាប់ក្នុងពេលប្រឡងឆមាសមុខ វិជ្ជាណាមួយ និង ឈប់មានច្បាប់ក្នុងពេលប្រឡងឆមាសចាប់ពី ៣ មុខវិជ្ជាឡើងទៅ)។
• ករណីទី ៣ ៖ សិស្សអវត្តមានលើសចំនួនកំណត់ (អវត្តមានឥតច្បាប់លើសពី ៣០ ដងឡើងទៅ, អវត្តមានឥតច្បាប់ និង មានច្បាប់លើសពី ៤០ ដងឡើងទៅ, អវត្តមានមានច្បាប់លើសពី ៥៥ ដងឡើងទៅ) និង មិនបានបំពេញលក្ខខណ្ឌទាំងពីរខាងលើ។
យ៉ាងណាមិញ សម្រាប់បេក្ខជនមានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះប្រឡង ត្រូវតែអនុវត្តតាមលក្ខខណ្ឌមួយចំនួនដូចជា ៖
• បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ បានប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនៅសម័យប្រឡងណាមួយ (សម្រាប់បេក្ខជនស្វៃរិនចំណេះទូទៅ) ឬ បានប្រឡងជាប់មធ្យមសិក្សាបឋមភូមិក្នុងរយៈពេលចាប់ពី ២ ឆ្នាំឡើងទៅ (សម្រាប់បេក្ខជនបំពេញវិជ្ជា) ឬ បានប្រឡងជាប់មធ្យមសិក្សាបឋមភូមិ ក្នុងរយៈពេលចាប់ពី ៣ ឆ្នាំឡើងទៅ (សម្រាប់បេក្ខជនស្វៃរិន បំពេញវិជ្ជា)។
• បានប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបំពេញវិជ្ជានៅសម័យប្រឡងណាមួយ (សម្រាប់បេក្ខជនស្វៃរិនបំពេញវិជ្ជា)។
• បានរៀនគ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សាទុតិយភូមិ។
• បានរៀនចប់កម្មវិធីសិក្សាថ្នាក់ទី ១២ ឬ បានរៀនចប់កម្មវិធីសិក្សាថ្នាក់ទី ១២ និង ជាសិស្សមានឈោ្មះក្នុងបញ្ជីដើមឆ្នាំសិក្សា (សម្រាប់បេក្ខជនបំពេញវិជ្ជា)។
• បានគោរពត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សា។
• ត្រូវបានវាយតម្លៃផ្នែកសីលធម៌ប្រចាំឆ្នាំ ចាប់ពីមធ្យមឡើងទៅ។
• មិនជាប់កម្រិតវិន័យ ឬ ទោសប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ជាធរមាន (សម្រាប់បេក្ខជនស្វរិន ចំណេះទូទៅ)។
• មានមធ្យមភាគពិន្ទុប្រចាំឆ្នាំ ចាប់ពី ២៥.០០ ឡើងទៅ៕