រដ្ឋបាលស្រុកទឹកឈូ ដាក់ចេញ ៤ ចំណុច បង្ការកុំឱ្យមានគ្រោះថ្នាក់ដល់ភ្ញៀវពេលទៅលេង ឬ បោះតង់តាមតំបន់ទាំងនេះ
កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ រដ្ឋបាលស្រុកទឹកឈូ ខេត្តកំពត បានចេញសេចក្ដីជូនដំណឹងស្ដីពីវិធានការការពារសុវត្ថិភាពភ្ញៀវទេសចរ និង ទប់ស្កាត់គ្រោះថ្នាក់ បណ្ដាលមកពីអាកាសធាតុ។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា កន្លងមករដ្ឋបាលបានពិនិត្យឃើញថា មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានទៅទស្សនា និង លេងកម្សាន្ត ព្រមទាំងបានបោះតង់ស្នាក់នៅ តំបន់រមណីយដ្ឋានទេសចរណ៍ក្នុងស្រុកទឹកឈូ រួមមានតំបន់ទេសចរណ៍ទឹកឈូ ជ្រោះឪម៉ាល់ ទឹកជ្រោះតាដា ដូងទេរ ទំនប់ប្រទ័ក្សក្រឡា ជាដើម ដូចនេះដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុបណ្ដាលមកពីអាកាសធាតុ ដូចជាខ្យល់កន្រ្តាក់ ជំនន់ទឹកភ្លៀង ជំនន់ទឹកព្រែក រដ្ឋបាលបានណែនាំដល់ម្ចាស់អាជីវកម្ម ទូកចម្លង ទីតាំងរមណីយដ្ឋានទាំងអស់ដូចជា ៖
១. អ្នកដំណើរត្រូវពាក់អាវពោងសុវត្ថិភាពជានិច្ច ពេលជិះទូកចម្លងពីកន្លែងមួយទៅកន្លែងមួយ
២. ត្រូវរៀបចំទីតាំង ដែលមានសុវត្ថិភាពឱ្យអ្នកបោះតង់ នឹងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ
៣. ត្រូវណែនាំភ្ញៀវទេសចរណ៍ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់នៅពេលទឹកឡើង ពិសេសនៅពេលមានភ្លៀងធ្លាក់ ទឹកហូរ តាមជ្រោះជ្រលងភ្នំ អូរ ព្រែក នារដូវវស្សា
៤. ត្រូវសម្អាតអនាម័យបរិស្ថានឱ្យបានស្អាតជានិច្ចនៅកន្លែងកម្សាន្តទាំងអស់៕