សូមប្រយ័ត្ន! មានករណី ២ នាក់ប្តីប្រពន្ធនៅខេត្តព្រះវិហារ បានអស់ជីវិតគួរឱ្យអាណិត ក្រោយបរិភោគសត្វកំភេមខ្មោច
នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ នេះ មន្ទីរសុខាភិបាលនៃខេត្តព្រះវិហារ បានចេញសេចក្ដីជូនដំណឹងមួយណែនាំឱ្យប្រជាពលរដ្ឋទាំងអស់កុំឱ្យបរិភោគសត្វល្អិតផ្ដេសផ្ដាស ដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាព ឬ បណ្ដាលឱ្យបាត់បង់ជីវិត។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា រុក្ខជាតិ និង សត្វល្អិតមួយចំនួនពេលយកមកបរិភោគអាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាព ឬ បណ្ដាលឱ្យបាត់បង់អាយុជីវិត ហេតុនេះហើយទើបមន្ទីរសុខាភិបាលខេត្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ កុំបរិភោគ រុក្ខជាតិ ឬ សត្វល្អិត ដែលយើងមិនស្គាល់ ឬ មិនធ្លាប់បានបរិភោគពីមុនមក ព្រោះវាអាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬ អាចបាត់បង់អាយុជីវិត។
ជាក់ស្ដែង កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ មានប្រជាពលរដ្ឋ ២ នាក់ប្ដីប្រពន្ធ រស់នៅក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសង្ស័យពុលចំណីអាហារ ដោយអ្នកទាំងពីរបានបរិភោគសត្វកំភេមខ្មោច ដែលពេលនោះបុរសជាប្ដីបានបរិភោគចំនួន ៣ ក្បាល និង ប្រពន្ធបានបរិភោគអស់ ៥ ក្បាល។ ក្រោយពីបរិភោគបានប្រមាណជា ១០ នាទី អ្នកទាំងពីរក៏មានអាការរមាស់ ក្អួតចង្អោរ និង មានពងបែកក្នុងមាត់ ប៉ុន្តែបើទោះជាគ្រូពេទ្យខិតខំព្យាបាលយ៉ាងណាក៏ដោយ ក៏អ្នកទាំងនៅតែបាត់បង់អាយុជីវិតដែរ ដោយស្រ្តីជាប្រពន្ធបានស្លាប់កាលពីថ្ងៃទី ៥ ខែសីហា ហើយបុរសជាប្ដីបានស្លាប់នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣។
យ៉ាងណាមិញ កន្លងមកមន្ទីរសុខាភិបាល បានសង្កេតឃើញថាប្រជាពលរដ្ឋមួយចំនួនបានរងគ្រោះថ្នាក់ ដោយសារការបរិភោគរុក្ខជាតិ ដូចជាផ្សិត ឬក៏សត្វ ដែលបណ្ដាលឱ្យពុល ហើយអ្នកខ្លះក៏អាចជួយសង្គ្រោះបាន ខណៈដែលអ្នកខ្លះទៀតក៏បានបាត់បង់ជីវិត៕