ដំណឹងសោកស្ដាយ! កូនផ្សោតញីមួយក្បាល អាយុប្រមាណជា ២ ខែ បានជាប់មងងាប់ នៅខេត្តកណ្ដាល
កាលពីយប់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា កូនផ្សោតញីមួយក្បាល អាយុប្រមាណ ២ ខែ បានងាប់ដោយសារជាប់មង នៅក្នុងខេត្តកណ្ដាល។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ វេលាម៉ោង ៥:៣០ នាទីព្រឹក មានកូនផ្សោតញីមួយក្បាល ប្រវែង ១.០១ ម៉ែត្រ ទម្ងន់ ១៤.៤ គីឡូក្រាម អាយុប្រមាណជា ២ ខែ បានងាប់ដោយសារជាប់មង នៅភូមិពាម ឃុំរកាកោងទី ១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
រដ្ឋបាលបានបញ្ជាក់ទៀតថា ចាប់ពីដើមឆ្នាំ ២០២៣ មកដល់បច្ចុប្បន្ននេះ សត្វផ្សោតកើតថ្មីមានចំនួន ៥ ក្បាល និង មានងាប់ ៣ ក្បាល នាំឱ្យចំនួនសត្វផ្សោតសរុបមានចំនួន ៩២ ក្បាល។ នៅរដូវទឹកឡើង សត្វផ្សោតតែងតែបន្លាស់ទីចេញពីអន្លង់ ដើម្បីតាមហ្វូងត្រី ដែលជាចំណី និង យោងតាមការស្រាវជ្រាវលក្ខណៈជីវសាស្ត្រ កូនផ្សោតរស់នៅជាមួយមេ និង បៅដោះរយៈពេលប្រមាណ ១ ឆ្នាំ។ ហេតុដូច្នេះ កូនផ្សោតដែលប្រទះឃើញងាប់នេះទំនងជាបានផ្លាស់ទីតាមមេរបស់វា ឬ ជាមួយផ្សោតផ្សេងទៀតពីទន្លេមេគង្គលើ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និង ស្ទឹងត្រែង មកដល់ខេត្តកណ្តាល ហើយត្រូវជាប់មងងាប់។
គួរបញ្ជាក់ដែរថា រដ្ឋបាលជលផលក៏បានអំពាវនាវដល់ប្រជានេសាទនៅតាមដងទន្លេមេត្តាជួយឃ្លាំមើល និង ចូលរួមថែរក្សាការពារសត្វផ្សោត ដែលជារតនៈសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋរបស់កម្ពុជា និង ពិភពលោក។ ក្នុងករណីប្រទះឃើញវត្តមានសត្វផ្សោត សូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ហើយប្រសិនបើមានសត្វផ្សោតជាប់មងត្រូវជួយអន្តរាគមន៍ដោះលែងជាបន្ទាន់ និង ផ្តល់ព័ត៌មានដល់មន្ត្រីជំនាញជលផល ដែលនៅជិត ឬ តាមទូរស័ព្ទ ០១៧ ៨១៨ ៣៨២, ០៩៩ ៧៩១ ៩១៩ និង ០១២ ៨៩៧ ៩៤៣៕