សប្បាយហើយឆ្នាំនេះ! គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បញ្ជាក់ថាបុណ្យអុំទូកនឹងធ្វើឡើងនៅចុងខែវិច្ឆិកា ៣ ថ្ងៃជាប់គ្នា
នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ នេះ ក្រសួងព័ត៌មានបានបង្ហោះជាព័ត៌មានអំពីផែនការណែនាំស្ដីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកាខាងមុខនេះ។
យោងតាមផែនការណែនាំរបស់គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសឱ្យប្រជាពលរដ្ឋ បានចូលរួមលេងកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិ ដែលមានតាំងពីបរមបុរាំ ដោយមានការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្រ្តីសម័យ-បុរាណ និង សម្ដែងសិល្បៈទាំង ៣ រាត្រី។
គួរបញ្ជាក់ដែរ កាលពីព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសដែរថា នៅចុងឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាលនឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិខួបលើកទី ៧០ ឆ្នាំ និង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ជាលក្ខណៈទ្រង់ទ្រាយធំ៕