ការសិក្សាថ្មី ៖ ការដើរមួយថ្ងៃ ៥០០០ ជំហាន នឹងធ្វើឱ្យមនុស្សមានសុខភាពល្អ កាត់បន្ថយការស្ល-ា.ប់មុនអាយុ
សារព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ នេះថា ការសិក្សាថ្មីមួយបានបង្ហាញថាក្នុងមួយថ្ងៃបើមនុស្សដើរបាន ៥០០០ ជំហាន នោះនឹងមានសុខភាពល្អ និង កាត់បន្ថយអត្រាការស្លាប់មុនអាយុ។
ការសិក្សាមុនៗបានបង្ហាញថា ការដើរ ១០០០០ ជំហាន ក្នុងមួយថ្ងៃ គឺជាតួលេខដ៏ល្អបំផុតមួយដែលជួយឱ្យមានរាងស្អាត និង មានសុខភាពល្អ ប៉ុន្តែការសិក្សាថ្មីមួយនេះបានបង្ហាញថា ការដើរត្រឹមតែ ៥០០០ ជំហាន ក្នុងមួយថ្ងៃ ក៏ជួយលើបញ្ហាទាំងនោះបានដែរ ដោយការវិភាគរបស់អ្នកសិក្សាទៅលើមនុស្សជាង ២២៦ ០០០ នាក់ នៅជុំវិញពិភពលោកបានបង្ហាញថា ត្រឹមតែ ៤០០០ ជំហាន គឺគ្រប់គ្រាន់ដើម្បីកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ ដោយមូលហេតុណាមួយ ហើយ ២៣០០ ជំហាន គឺល្អដល់បេះដូង និង សរសៃឈាម។
មិនតែប៉ុណ្ណោះ ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា រាល់ជំហានបន្ថែមចំនួន ១០០០ ទៅដល់ ៤០០០ ជំហាន អាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុបានដល់ ១៥ ភាគរយ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Lodz ក្នុងប្រទេសប៉ូឡូញ និង សាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិក បានរកឃើញពីអត្ថប្រយោជន៍នៃការដើរចំពោះមនុស្សគ្រប់វ័យ ដោយមិនគិតពីកន្លែងដែលពួកគេរស់នៅទេ ជាពិសេសវាល្អបំផុតសម្រាប់មនុស្សអាយុក្រោម ៦០ ឆ្នាំ។
ជាមួយគ្នានេះដែរ សាស្ត្រាចារ្យ Maciej Banach មកពីសាកលវិទ្យាល័យ Lodz បាននិយាយថា ៖ «ខ្ញុំជឿថាយើងគួរតែសង្កត់ធ្ងន់ចំពោះការផ្លាស់ប្តូររបៀបរស់នៅ រួមទាំងរបបអាហារ និង ការធ្វើលំហាត់ប្រាណ ដែលជាចំណុចសំខាន់បំផុតក្នុងការកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និង ការពន្យារអាយុជីវិតផងដែរ»។
គួរបញ្ជាក់ដែរថា យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបង្ហាញថា រៀងរាល់ឆ្នាំមានមនុស្សជាង ៣.២ លាននាក់បានស្លាប់ ដោយសារតែមិនបានធ្វើលំហាត់ប្រាណគ្រប់គ្រាន់ ដែលនេះជាមូលហេតុកើតមានញឹកញាប់បំផុតទី ៤ នៅទូទាំងពិភពលោក៕
ប្រភព ៖ BBC