ជិះរថភ្លើងចុកខ្នងចង្កេះ ក៏ទៅអង្គុយលើកៅអីម៉ាស្សា ស្រាប់តែជាប់សក់ចូលម៉ាស៊ីន បះជើងផ្ងាររកគេជួយមិនទាន់
ថ្មីៗនេះ កំពុងផ្អើលរឿងរ៉ាវរបស់ស្រ្តីម្នាក់ពេញបណ្តាញសង្គមចិន ដែលនាងអង្គុយលើកៅអីម៉ាស្សាសុខៗ ស្រាប់តែត្រូវម៉ាស៊ីនទាញសក់ចូល រហូតបះជើងផ្ងារ គេជួយសឹងមិនទាន់ប៊ិះនឹងអស់ជីវិតទៀត។
ហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងស្ថានីយរថភ្លើងមួយកន្លែងនាប្រទេសចិន ដោយស្រ្តីខាងលើស្លៀកពាក់រ៉ូបក្រហមខ្លី ក្រឡេកទៅឃើញកៅអីម៉ាស្សាមួយ រួចក៏ឆ្លៀតទៅអង្គុយម៉ាស្សាទម្រាំតែដល់ទីតាំងដែលខ្លួនចង់ទៅ។ មួយសន្ទុះក្រោយមក ស្រាប់តែសក់របស់នាងក៏ចូលទៅក្នុងម៉ាស៊ីន ក៏បានស្រែកឱ្យគេជួយភ្លាមៗ។
យ៉ាងណាមិញ មនុស្សម្នានៅជុំវិញនោះក៏បានរត់ព្រូលមកជួយ ម្នាក់ៗព្យាយាមជួយនាងយ៉ាងអស់ដៃអស់ជើង តែស្រ្តីខាងលើក៏បានសន្លប់បាត់មាត់ ចុងក្រោយក៏បាននាំគ្នាលើកកៅអីដោះឌុយចេញ រួចកាត់សក់របស់នាងចោលតែម្តង ទើបជួយបានសម្រេច។
ដោយឡែក តាមការត្រួតពិនិត្យបានឱ្យដឹងថា កន្លែងការពាររបស់កៅអីត្រូវបានខូច ទើបធ្វើឱ្យសក់នាងងាយជាប់ចូលទៅ ហើយក្រោយពីកើតហេតុខាងអាជ្ញាធរក៏បានបិទកៅអីនោះលែងឱ្យបម្រើការមួយរយៈសិន ដើម្បីធ្វើត្រួតពិនិត្យឱ្យល្អិតល្អន់ជាងមុន៕