ក្ដៅៗ! ស្នងការខេត្ត បំភ្លឺព័ត៌មានច្បាស់ៗ ករណីរថយន្តបើកចូលរោងការ បុកមនុស្សរងរបួស ៧ នាក់ នៅសៀមរាប
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ករណីបុរសម្នាក់បើករថយន្តជ្រុលទៅបុករោងមង្គលការ នៅស្រុកស្រីស្នំ ខេត្តសៀមរាប។
ស្នងការខេត្តសាមី បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ១៤:៤០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ ៦៨ ចន្លោះគីឡូម៉ែត្រលេខ 32-33 មុខផ្ទះម្ចាស់កម្មវិធីឈ្មោះ ចាន់ សិទ្ធី ស្ថិតនៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងពួន ស្រុកស្រីស្នំ ខេត្តសៀមរាប បង្កឡើងដោយរថយន្តម៉ាក TOYOTA TACOMA ស៊េរី ២០០៤ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1AC-6046 បើកបរដោយ ឈ្មោះ ឡំ ឡូញ ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរគ្រូបង្រៀន ទីលំនៅបច្ចុប្បន្ននៅភូមិក្រូចចារ ឃុំប្រិយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប (គ្មានរបួស) បើកបរមានទិសដៅពីត្បូងទៅជើង ហើយបានរេចង្កូតឡើងទៅចូលរោងការបុកមនុស្សបណ្តាលឱ្យយរបួសធ្ងន់ស្រាលចំនួន ៧ នាក់ ក្នុងនោះជនជាតិខ្មែរចំនួន ២ នាក់ និងជនជាតិហូឡង់ចំនួន ៥ នាក់ មូលហេតុអ្នកបើករថយន្តស្រវឹងស្រា បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងតែចាត់ការតាមនីតិវិធីច្បាប់។
ក្រោយទទួលបានព័ត៌មាននេះ លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់ លោក វរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការនៃអធិការដ្ឋាននគរបាលស្រុក ស្រីស្នំ បានចុះទៅដល់ទីតាំងកើតហេតុដើម្បីជួយសង្គ្រោះជនរងគ្រោះ និងនាំជនបង្កដែលជាអ្នកបើកបររថយន្ត មកសួរនាំព្រមទាំងដកហូតរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ៕