ក្ដៅៗ! ក្រសួងទេសចរណ៍ប្រតិកម្មចំពោះ Uncle Roger វាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ និង តម្រូវឱ្យសុំទោសប្រជាជនកម្ពុជា
តាមរយៈសេចក្តីថ្លែងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ដូច្នេះថា ៖ ក្រសួងទេសចរណ៍ មានការសោកស្តាយជាយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គម Channel YouTube ឈ្មោះថា Nigel Ng ដែលចុះផ្សាយកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ មានចំណងជើងថា «Uncle Roger Make Adobo»។
ក្រសួងបានបញ្ជាក់ឱ្យដឹងថា ការវាយតម្លៃរបស់បុគ្គលខាងលើនេះ បានប្រាសចាកទាំងស្រុង ពីតថភាពនៃកិត្យានុភាព និង អត្តសញ្ញាណម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ បានខិតខំជំរុញការផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ឱ្យពិភពលោកទាំងមូលបានស្គាល់ យ៉ាងទូលំទូលាយថា «កម្ពុជាមានវប្បធម៌ដ៏ល្អផូរផង់ និង មានម្ហូបអាហារដ៏សម្បូរបែប» ជាក់ស្តែងកាលពីឆ្នាំ ២០២២ សៀវភៅម្ហូបអាហារខ្មែរ «The Taste of Angkor» ដែលចងក្រងដោយក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជាប់ចំណាត់ថ្នាក់ The Best Asian Cookbook Prize នៅក្នុងកម្មវិធី The Gourmand World Cookbook Awards 2021 នៅទីក្រុងប៉ារីស។
ក្នុងន័យនេះក្រសួងទេសចរណ៍ កំពុងសហការជាមួយភាគីពាក់ព័ន្ធយ៉ាងជិតស្និទ្ធ និង ស្នើឱ្យបុគ្គល Nigel Ng ឬ Uncle Roger កើតថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៩៩១ ធ្វើការសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និង កែតម្រូវវីដេអូដែលបានចុះផ្សាយនោះឡើងវិញជាបន្ទាន់ នៅលើបណ្ដាញសង្គមរបស់ខ្លួន។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណ ចំពោះការចូលរួមផ្តល់យោបល់កែលម្អ របស់សាធារណជន ដើម្បីលើកស្ទួយវិស័យទេសចរណ៍ជាតិ ក៏ដូចជាគាំទ្រ និងស្វាគមន៍ជានិច្ច ចំពោះអ្នកលេងបណ្តាញសង្គម ឬ អ្នកមានឥទ្ឋិពលក្នុងបណ្ដាញសង្គម (Influencer) ដែលមានបំណងចូលរួមផ្សព្វផ្សាយ អំពីអច្ឆរិយភាពនៃវប្បធម៌ ធម្មជាតិ និងភាពសម្បូរបែបនៃម្ហូបអាហារកម្ពុជា ដល់ទេសចរជាតិ-អន្តរជាតិជុំវិញពិភពលោក៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖