ក្មេងៗរត់ទៅឱបលោក ផន ផល្លា ទទួលយ៉ាងកក់ក្តៅ ក្រោយបញ្ចប់យុទ្ធនាការរត់ ៣៥០ គីឡូម៉ែត្រ ពីសៀមរាបមកភ្នំពេញ
កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកហាក់មានការចាប់អារម្មណ៍ជាខ្លាំងទៅលើវីដេអូមួយរបស់លោក ផន ផល្លា ដែលបានបង្ហោះបង្ហាញពីសកម្មភាពក្មេងៗជាច្រើនឈរចាំផ្លូវ និង បានរត់ទៅឱបលោក ក្រោយពីលោកបានបញ្ចប់យុទ្ធនាការរត់ចម្ងាយ ៣៥០ គីឡូម៉ែត្រ ដើម្បីកុមារនៅមជ្ឈមណ្ឌលមែកឈើ។
ជាក់ស្ដែង លោក ផន ផល្លា ស្ថាបនិកមជ្ឈមណ្ឌលមែកឈើ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ បានបង្ហោះសារថា ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ លោកនឹងចាប់ផ្ដើមរត់ពីទីរួមខេត្តសៀមរាប ឆ្ពោះទៅមណ្ឌលមែកឈើក្នុងក្រុងភ្នំពេញ ដែលមានចម្ងាយ ៣៥០ គីឡូម៉ែត្រ ដើម្បីរៃអង្គាសថវិកាពីសប្បុរសជននានា សម្រាប់អាហាររបស់ក្មេងៗក្នុងមណ្ឌលចំនួន ១៥៧ នាក់ រយៈពេល ១ ឆ្នាំពេញ។
យុទ្ធនាការ «ខ្ញុំរត់ដើម្បីមែកឈើ ខ្ញុំធ្វើដើម្បីកុមារកំព្រា» បានចាប់ផ្ដើមតាំងពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ទើបលោកបានរត់មកដល់របងនៃមជ្ឈមណ្ឌលមែកឈើ ដោយមានក្មេងៗជាច្រើននៅរង់ចាំទទួលស្វាគមន៍លោកយ៉ាងកក់ក្ដៅ និង បានរត់ទៅឱបលោកដោយក្ដីរំភើប ព្រមទាំងការនឹករឮក ដែលវីដេអូនេះហើយបានធ្វើឱ្យមហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ហាក់បង្ហាញការរំជួលចិត្ត និង កោតសរសើរជាខ្លាំងចំពោះទឹកចិត្ត ការលះបង់របស់លោក ចំពោះកុមារទាំងអស់ក្នុងមណ្ឌល។
គួរដឹងដែរថា លោក ផន ផល្លារ ត្រូវបានគេដាក់រហស្សនាមថា ឯកឧត្ដមបេះដូងមនុស្សធម៌ ហើយសម្រាប់បងប្អូនដែលចង់បរិច្ចាគដល់កុមារកំព្រាក្នុងមណ្ឌលមែកឈើ អាចបរិច្ចាគបានតាមរយៈ ABA: 002 138 232 (Unaccompanied Association) និង ACLEDA: 34410118159919 (Unaccompanied Association) ព្រមទាំង ACLEDA ទាន់ចិត្តលេខ 012324711 ៕