ឃុំមួយចំនួននៅកោះកុង ភ្លៀងធ្លាក់មិនដាច់ ធ្វើឱ្យជន់លិចផ្ទះ ដំណាំ និង ហូរច្រោះដាច់ផ្លូវលំមួយចំនួន
ក្រសួងធនធានទឹក និង ឧតុនិយម នៅរសៀលថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៣ នេះ បានបញ្ជាក់ឱ្យបានដឹងថា នៅខេត្តកោះកុង មកទល់វេលានេះភ្លៀងនៅតែបន្តធ្លាក់មិនដាច់ក្នុងកម្រិតពីខ្សោយទៅមធ្យម នៅក្នុងស្រុកថ្មបាំង ដែលធ្វើឱ្យជន់លិចផ្ទះ ដំណាំ និង ហូរច្រោះដាច់ផ្លូវលំមួយចំនួន ក្នុងឃុំឫស្សីជ្រុំ ឃុំថ្មដូនពៅ និង ឃុំជំនាប់។
សូមរំឭកផងដែរថា នៅព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៣ ក្រសួងធនធានទឹក និង ឧតុនិយម ធ្លាប់បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ ខាងមុខ ឱ្យបានដឹងថា សប្ដាហ៍ដំបូងនៃខែសីហា ឆ្នាំ ២០២៣ កម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ហើយក្នុងមហាសមុទ្រប៉ាស៊ីហ្វិកព្យុះឈ្មោះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ហើយនៅលើផ្ទៃសមុទ្រនឹងមានច្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់៕