ផ្ដាំតគ្នាផង! អ្នកអាយុ ១៥ ឆ្នាំឡើង ត្រូវរវៀសរវៃទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរភ្លាមៗ នៅតាមទីតាំងទាំងនេះ
ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ បានបញ្ជាក់ឱ្យបានដឹងថា ពលរដ្ឋខ្មែរគ្រប់អាយុ ១៥ ឆ្នាំឡើង ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយពុំចាំបាច់ សមត្ថកិច្ច ឬ អាជ្ញាធរជូនដំណឹង ឬ អញ្ជើញឱ្យមកធ្វើទេ។
ឧត្តមសេនីយ៍ឯករូបនេះ ធ្លាប់បានបញ្ជាក់កន្លងមកឱ្យដឹងថា សាមីខ្លួនអាយុយ៉ាងតិច ១៥ ឆ្នាំ ត្រូវមានវត្តមានដោយផ្ទាល់ ដើម្បីបំពេញបែបបទ និង ភ្ជាប់ឯកសារមួយចំនួន តាមទីតាំងដូចខាងក្រោម ៖
ក. អំពីឯកសារត្រូវមាន៖
១. ករណីសុំផ្តល់ថ្មី ត្រូវមានឯកសារ
-សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ដែលចេញដោយមន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ឬ ចេញដោយសាលាក្រុង ស្រុក ខណ្ឌ ដែលបានចុះបញ្ជី ឬចេញដោយនាយកដ្ឋានអត្រានុកូលដ្ឋាន។
-សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ (ច្បាប់ដើម ឬ ច្បាប់ចម្លងមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម)។
ខ. ទីតាំងផ្តល់សេវា
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ នៅសាខាអត្តសញ្ញាណប័ណ្ណផ្សារទំនើប AEON2។ សាខាអត្តសញ្ញាណប័ណ្ណផ្សារទំនើប AEON2 មានបម្រើសេវាបន្ថែមថ្ងៃសៅរ៍ និង អាទិត្យ លើកលែងតែថ្ងៃបុណ្យជាតិ។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនអាចថតធ្វើលើសពីមួយដងទេ ក្នុងករណីបាត់ ឬ ខូច លោកអ្នកអាចដាក់ពាក្យបណ្តឹង និង ស្នើសុំទុតិយតាបាន។ ករណីហួសសុពលភាព សាមីខ្លួនត្រូវទៅបំពេញបែបបទថតធ្វើថ្មី៕
ប្រភព ៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង